(កំពង់ធំ)៖ បន្ទាប់ពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍ និងបានលើកឡើង ពីកិច្ចការសំខាន់ៗនានា ដែលក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ចាំបាច់ត្រូវធ្វើបន្ទាន់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងរួចមក លោក សុខ លូ អភិបាលខេត្តបានថ្លែងថា គណៈអភិបាលក្រុង ស្រុក និងក្រុមប្រឹក្សា ត្រូវចាត់ទុកថា ទាំងពីរជាអង្កតែមួយ ត្រូវធ្វើយ៉ាងណាឲ្យការងាររបស់រដ្ឋបាលស្រុក ដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព។
ការថ្លែងបែបនេះ របស់លោក សុខ លូ ត្រូវបានធ្វើឡើងក្នុងឱកាសរួមដំណើរជាមួយ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសស្ដីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
លោក សុខ លូ បានបញ្ជាក់ថា ថ្វីដ្បិតតែស្រុកតាំងគោកនេះ មិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ហើយក៏ដូចស្រុកដទៃទៀតទូទាំងខេត្ត ដែលមិនទាន់មានអាគារច្រក ត្រូវអនុវត្តការងារតាមយន្តការច្រកចេញចូលតែមួយ។ រីឯមន្ត្រីរាជការដែលទទួលបន្ទុកការងារច្រក ត្រូវខិតខំកែសម្រួល ឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានសមស្រប តាមអ្វីដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ស្រុកចង់បាន ហើយត្រូវចាំថា មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយទេ តែគឺជាអ្នកបម្រើដ៏ល្អរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សា គឺធ្វើការងារតាមរយៈប្រជុំ រីឯគណៈអភិបាលត្រូវរាយការណ៍ជូនក្រុមប្រឹក្សារបស់ខ្លួន អំពីលទ្ធផលការងារ ប្រចាំខែជូនក្រុមប្រឹក្សា ដើម្បីបានជ្រាប ដូច្នេះសង្ឃឹមថាការសាមគ្គីភាព ឯកភាពនៅក្នុងក្រុមប្រឹក្សា ជាមួយគណៈអភិបាល នឹងប្រព្រឹត្តទៅដោយរលូន និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ បានកាន់តែល្អជាក់ជាមិនខាន ដើម្បីទទួលបានការទុកចិត្ត និងការស្រឡាញ់ចូលចិត្តពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ស្រុកតាំងគោក ជាស្រុកមួយថ្មីដែលទើបត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ លេខ០៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានចំនួន៨ឃុំ ដែលកាត់ចេញពីស្រុកបារាយណ៍ ដោយមាន លោក ប៊ុន ឈួន ជាប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សា ចំនួន១៨រូប និងលោក ហាក់ ម៉ុងហួត ជាអភិបាលស្រុក រួមគណៈរួមអភិបាលរង៤រូប និងនាយករដ្ឋបាល១រូប៕