(តាកែវ)៖ ក្មេងប្រុសស្រីតូចៗ៤នាក់ ដែលត្រូវបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្រះក្រោយផ្ទះស្លាប់យ៉ាងអណោចអធ័ម នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្មេងរងគ្រោះទាំង ៤នាក់នេះ (ស្រី៣នាក់) ម្ដាយរបស់ពួកគេជាបងប្អូនជីដូនមួយនឹងគ្នា ប៉ុន្ដែមិនបាននៅផ្ទះមើលកូននោះទេ ពោលគ្រួសារមួយ ម្ដាយទៅដើរទិញអេតចាយ ហើយមួយទៀត ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ដោយទុកក្មេងទាំង៤នាក់នេះ ឲ្យជីដូនមើលនៅផ្ទះ។
លោកស្នងការបានបញ្ជាក់ថា ក្មេងរងគ្រោះទី១៖ឈ្មោះ ហៀង សុខឃឹម ភេទស្រី អាយុ៥ឆ្នាំ, ទី២៖ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា ដែលមានម្ដាយឈ្មោះ ផាន់ ចាន់ណា និងឪពុកឈ្មោះ សួរ សេង ហាក់។ ទី៣៖ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងទី៤៖ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ៤ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា មានម្ដាយឈ្មោះ សេត ស្រីម៉ុម។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីឈ្មោះ ផាន់ រតនា អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានដើរទៅរកជីទំពាំងនៅខាងលិចភូមិ ស្រាប់តែប្រទះឃើញក្មេង៤នាក់ បានបណ្ដើរគ្នាដើរទៅក្រោយផ្ទះខាងលិចភូមិ ហើយគាត់ក៏បានដេញក្មេងទាំង៤នាក់នោះ មកផ្ទះវិញម្ដងហើយ ក៏គាត់ទៅរកទំពាំង។
លុះដល់ម៉ោងជាង៤ល្ងាច គាត់មកពីរកទំពាំងវិញដល់ផ្ទះ លឺសូរម្ដាយ និងជីដូនក្មេងនោះឆោឡោបាត់ក្មេងទាំង៤នាក់ ពេលនោះខ្លួនដែលត្រូវជាមីង បានប្រាប់ថា ខ្លួនបានដេញក្មេងទាំងអស់នោះមកផ្ទះម្ដងហើយ ហើយក៏សង្ស័យថា ក្មេងនោះពិតជាទៅលេងនៅក្នុងរណ្ដៅទឹកដែលគេជីក ហើយក៏ស្រែកហៅបងប្អូនឲ្យជួយរក ក៏ឃើញពួកគេលង់ទឹកស្លាប់បាត់ទៅហើយ។
ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យសាកសពរកឃើញថា ក្មេងទាំង៤នាក់នោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕