(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានម្ចាស់ភាគហ៊ុនចិន និងកម្ពុជា បានសម្រេចធ្វើការអភិវឌ្ឍឱ្យមានលក្ខណៈស្តង់ដារ និងកំពុងរៀបចំខ្លួនក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលប្រែសម្រួលដោយមន្ត្រីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងចាប់ផ្តើមរៀបចំឯកសារ និងដំណើរការនីតិវិធី ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានបំណងបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីបង្កើនទុនបន្ថែមតាមរយៈទីផ្សារមូលបត្រ ជំរុញការអភិវឌ្ឍតំបន់ឱ្យមានគុណភាពខ្ពស់ និងរួមចំណែកកាន់តែច្រើន ក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
លើសពីនេះទៀត តាមរយៈការចុះបញ្ជីគ្រប់ភាគហ៊ុនិកទាំងអស់ អាចទទួលបាននូវភាពជោគជ័យនៃសមិទ្ធផល និងសម្រេចបានយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងចម្ងាយ ១២ គីឡូម៉ែត្រពីស្ថានីយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងចម្ងាយតែ៣ គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ។ ផ្ទៃក្រឡាសរុបគឺ១១.១៣ គីឡូម៉ែត្រការ៉េ។
បន្ទាប់ពីការបញ្ចប់ការសាងសង់ និងកំណែទម្រង់២.០ នៃ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសជាង ៣០០ នឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ហើយក្នុងនោះដែរកម្មករនិយោជិត ចំនួនប្រមាណ៨០ពាន់ទៅ១០០ ពាន់នាក់នឹងទទួលបានការងារ ធ្វើដើម្បីបម្រើឱ្យឧទ្យានអេកូឡូស៊ី មានសកម្មភាពទៅមុខយ៉ាងពេញលេញ៕