(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានសេចក្ដីជូនដំណឹង ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ស្ដីពីការកែសម្រួលបែបបទក្នុងការធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្ដរជាតិនានា ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សជាងមុន។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ក្នុងការធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចដាក់ឲ្យប្រើប្រាស់នូវទម្រង់ប័ណ្ណសលាកបត្រអន្តោប្រវេសន៍គម្រូថ្មី ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ និងត្រូវបានអនុវត្តដូចខាងក្រោម៖
*ទី១៖ បានសម្រេចបង្រួមពាក្យសុំទិដ្ឋាការចូល និងសលាកបត្រចូល-ចេញ បញ្ចូលគ្នាជាប័ណ្ណសលាកបត្រអន្តោប្រវេសន៍ តែ០១សន្លឹកតែប៉ុណ្ណោះ។
*ទី២៖ ជនបរទេសដែលស្នើរសុំទិដ្ឋាការពេលមកដល់នៅបណ្តាច្រកទ្វារអន្តរជាតិទូទំាងប្រទេសកម្ពុជា ពុំចំាបាប់តម្រូវឲ្យមានភ្ជាប់រូបថតមួយសន្លឹកដូចមុនឡើយ។
*ទី៣៖ ជនបរទេសដែលត្រូវធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា តម្រូវឲ្យបំពេញសលាកបត្រអន្តោប្រវេសន៍ សម្រាប់ចូលប្រទេសកម្ពុជា ហើយនៅពេលចាកចេញ មិនតម្រូវឲ្យបំពេញបែបបទចេញនោះទេ។
*ទី៤៖ ប្រជាពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ពុំតម្រូវឲ្យបំពេញបែបបទលើសលាកបត្រអន្តោប្រវេសន៍នោះទេ៕