(ភ្នំពេញ)៖ អគ្គនាយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) លោក Cao Jianjiang បានចេញមកអះអាងថា មិនមានក្រុមហ៊ុនណាមួយដែលកំពុងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរារាំង ស៊ើបអង្កេត ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។
ការចេញមកអះអាងរបស់លោក Cao Jianjiang បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ក្រុមហ៊ុនចិនដែលវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ រងការត្រួតពិនិត្យ និងពិន័យពីនាយកដ្ឋានសន្តិសុខជាតិអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា នាយកដ្ឋានសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យ និងពិន័យទៅលើ ក្រុមហ៊ុនចិនមួយចំនួនដែលបានបំពានបំរាមគយរបស់អាមេរិក ក្រោមការចោទថា ក្រុមហ៊ុនទាំងនេះបានបញ្ជូនទំនិញពីចិន ទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសកម្ពុជា ដើម្បី គេចពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។ លោក Arend Zwartjes បញ្ជាក់ថា ក្រុមហ៊ុនចិន ទាំងនោះមានទីតាំងនៅតំបន់សេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុនៃប្រទេស កម្ពុជា។
ឆ្លើយតបការលើកឡើងថា លោក Cao Jianjiang បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង រួចបានបើកការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលបច្ចុប្បន្ននេះនៅក្នុងសួនឧស្សាហកម្មនេះមានសហគ្រាសចំនួន២៩ បានធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងពេលថ្មីៗនេះ មិនមានការរារាំង ឬរងការស៊ើបអង្កេត ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។
«យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍មិនពិតរបស់សារព័ត៌ដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុយើងខ្ញុំ ដូចពាក្យចាស់បុរាណបានពោលថា មាសសុទ្ធមិនខ្លាចភ្លើង»។ នេះជាការបញ្ជាក់របស់អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
លោកអគ្គនាយកបានអះអាងផងដែរថា ក្នុងនាមជាគម្រោងដ៏ធំមួយនៃកិច្ចសហប្រតិ្តប្បតិការណ៍អន្តរជាតិក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ-ផ្លូវមួយ» រវាងកម្ពុជា-ចិន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលបង្កើតរួមគ្នាដោយសហគ្រិនកម្ពុជា-ចិន ប្តេជ្ញានឹងសាងសង់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញតិ នៅកម្ពុជា ព្រមទាំងប្រឆាំងជាដាច់ខាតនូវរាល់សកម្មភាពល្មើសច្បាប់ទាំងអស់។
ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចពិសេសរូបនេះ បានអះអាងដូច្នេះថា «យើងខ្ញុំក៏នៅតែបន្តធ្វើអាជីវកម្មដោយស្របច្បាប់ ព្រមទាំងរឹតបណ្តឹងការគ្រប់គ្រងសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីដំណើរការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអោយកាន់តែប្រសើរឡើង»។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១,១១៣ហិកតា។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនរោងចក្រ សហគ្រាសជិត ២០០ហើយ កំពុងវិនិយោគ ដោយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺនកន្លែង។
ក្រុមហ៊ុនដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានអ្នកវិនិយោគមកពីប្រទេសចិន អាម៉េរិក ជប៉ុន បារាំង កូរ៉េ ខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម៕