(ភ្នំពេញ)៖ បណ្តាប្រទេសនានា ដែលជាសមាជិក អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានរម្លឹកអំពីសេចក្តីសម្រេចចិត្តរបស់ខ្លួន ដែលទាមទារឱ្យសហភាពអឺរ៉ុប ផ្តល់យុត្តិធម៌ចំពោះកម្ពុជា ពាក់ព័ន្ធទៅនឹងក្របខណ្ឌ រាល់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA)។
ការរម្លឹកសេចក្តីសម្រេចចិត្តរបស់ CDI បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងារបង្កើតវិទ្យាស្ថានស្រាវជ្រាវ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។
កម្ពុជាគឺជាប្រទេសក្រោយជម្លោះ និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយ ដែលបានទទួលអត្ថប្រយោជន៍ពីការផ្តល់ការអនុគ្រោះពាណិជ្ជកម្មនេះ។ កម្មកររោងចក្រប្រមាណ១លាននាក់ ជាពិសេសស្រ្តីមកពីជនបទ បម្រើការនៅក្នុងវិស័យវាយណភណ្ឌ និងកាត់ដេរ ទទួលបាននូវការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយគ្មានរបាំងពន្ធ និងកូតា។
CDI បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកត់សម្គាល់ប្រកបដោយការពេញចិត្តនូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រតិបត្តិតាមតម្រូវការ និងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប រួមទាំងអនុសញ្ញាទាំង១៥ នៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយ ការពង្រីកសិទ្ធិការងារ និងសេរីភាពនៅប្រទេសកម្ពុជា។ ដោយបណ្តាប្រទេសជាច្រើនដែលបន្តទទួលអត្ថប្រយោជន៍ពី EBA មិនទាន់បានអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបឲ្យបានពេញលេញ វាជាភាពអយុត្តិធម៌សម្រាប់កម្ពុជា ដែលត្រូវបានតម្រូវឲ្យអនុវត្តនូវលក្ខខណ្ឌដូចគ្នាទាំងនោះឲ្យបានឥតខ្ចោះ»។
CDI បានបន្តទៀតថា៖ «យើងសូមទាមទារឲ្យសហភាពអឺរ៉ុបមានទស្សនៈទន់ភ្លន់ជាងនេះចំពោះកម្ពុជា ដោយធ្វើការគិតគូរទៅដល់ជីវភាពប្រជាជនរាប់លាននាក់ ដែលពឹងពាក់ទៅលើឧស្សាហកម្មនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ ការដក EBA ពីកម្ពុជា នឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល
ទៅដល់ជីវភាពប្រជាជនប្រមាណជិត ៣លាននាក់ វាថែមទាំងធ្វើឲ្យប៉ះពាល់ទៅដល់លទ្ធិប្រជាធិបតេយ្យ ដែលសហគមន៍អន្តជាតិបានធ្វើការវិនិយោគអស់ជាច្រើន ចាប់តាំងពីឆ្នាំ១៩៩៣ នៅពេលដែលកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោល ប្រសិនបើរកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។
កាលពីដើមខែមិថុនាកន្លងទៅនេះ តំណាងសហភាពអឺរ៉ុប បានមកកាន់ប្រទេសកម្ពុជាជាថ្មី ដើម្បីពិនិត្យមើលការវិឌ្ឍ នៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹងប្រព័ន្ធអនុគ្រោះពន្ធនេះ។ ក្នុងជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នាពេលកន្លងទៅ កម្ពុជា-អឺរ៉ុប បានអះអាងថា នឹងប្តេជ្ញាបន្តធ្វើការងារមិនឱ្យកម្ពុជា បាត់បង់ EBA នោះឡើយ។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) បានបញ្ជាក់បន្តទៀតថា៖ «យើងត្រូវតែដឹងថា លទ្ធិប្រជាធិបតេយ្យនីយកម្មគឺជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវស្រទាប់វណ្ណៈប្រជាជនថ្នាក់កណ្តាលនៅកម្ពុជានឹងចូលរួមយ៉ាងសំខាន់ និងឈានទៅរកការពង្រឹងតម្លៃប្រជាធិបតេយ្យ និងការកសាងស្ថាប័នប្រជាធិបតេយ្យ។ EBA បានចូលរួមយ៉ាងសំខាន់នៅក្នុងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា»។
CDI ក៏បានទាមទារឲ្យសហភាពអឺរ៉ុប ធ្វើការប្រកបដោយការទទួលខុសត្រូវចំពោះការសម្រេចចិត្តថាតើគួរដកចេញ EBA ពីកម្ពុជាដែរឬទេ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ។
CDI មិនចង់ឃើញប្រទេសកម្ពុជាត្រូវបានប្រែក្លាយជាសមរភូមិប្រយុទ្ធ និងក្លាយទៅជាជនរងគ្រោះនៃការប្រកួតប្រជែងនយោបាយរបស់ប្រទេសមហាអំណាចទេ។ កម្ពុជាបានរងគ្រោះគ្រប់គ្រាន់ ហើយពួកគេស័ក្តិសមនឹងទទួលបានការរស់នៅក្នុងសន្តិភាព ជាមួយនឹងវិបុលភាព និងសុភមង្គល។ យើងចង់ឃើញប្រជាធិបតេយ្យនៅកម្ពុជារីកចម្រើន ដោយមានការយោគយល់ និងការគាំទ្រដោយ សហគមន៍អន្តរជាតិ៕