(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា តាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមចំពោះកម្ពុជា មិនមានអ្វីផ្លាស់ប្តូរឡើយ។
ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានដឹកនាំប្រតិភូក្រសួងការពារជាតិ រៀបចំប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅតំបន់កោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការជួយឧបត្ថម្ភគាំទ្ររបស់មិត្តវៀតណាមចំពោះកម្ពុជា តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ននេះ មិនមែនស្អីផ្លាស់ប្តូរទាល់តែសោះ ហើយក៏អត់មានស្អីដែលលើសនៅអ្វីដែលជាកាតព្វកិច្ចអន្តរជាតិ ដែលជួយសង្រ្គោះប្រទេសមួយ ដែលរងគ្រោះវេទិនាយ៉ាងលំបាក លំបិនទាំងនោះ»។
វៀតណាមបានជួយកម្ពុជា ក្នុងកិច្ចសហការជាមួយ កម្លាំងរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា រំដោះប្រជាពលរដ្ឋខ្មែរ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ១៩៧៩។ បន្ទាប់ពីនោះ ក្នុងនាមប្រទេសជិតខាង វៀតណាមក៏បានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជាបន្តបន្ទាប់។
ទោះបីជាមានការវាយប្រហារទៅលើទំនាក់ទំនងប្រទេសទាំងពីរ ជាច្រើនលើកយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរកម្ពុជា-វៀតណាម នៅតែបន្តប្តេជ្ញា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតផងដែរ។
នៅក្នុងឱកាសនេះដែរនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រតិកម្មជាថ្មី ចំពោះមតិញុះញង់ ដែលមានចេតនាចង់បង្កឱ្យមានការបែកបាក់រវាងកម្ពុជា-វៀតណាម។ សម្តេចបានបញ្ជាក់ថា៖ «ប្រវត្តិសាស្រ្តពិត មិនមែនដូចអ្វីដែលអ្នកមួយចំនួនមួលបង្កាច់ បង្កឱ្យមានការបែកបាក់ រវាងកម្ពុជា-វៀតណាមទេ»។ សម្តេចបន្តថា៖ «ជនអគតិមួយចំនួន បានបន្ទោតាម អ្នកដែលមួលបង្កាច់ប្រវត្តិសាស្រ្តពិត»៕