(បែលហ្ស៊ិក)៖ លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន (ឥណទានមានការប្រាក់ទាប) ដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារអាមេរិក ជាមួយតំណាងស្របច្បាប់ធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់ការអនុវត្ត «គម្រោងសាងសង់រោចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង»។
ពិធីនេះបានរៀបចំធ្វើឡើង នៅទីស្នាក់ការកណ្តាល របស់សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
សេចក្តីប្រកាសប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គម្រោងនេះមានរយៈពេលអនុវត្តចំនួន៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២២ និងមានគោលដៅ បង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងបរិមាណ១៩៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២២ បន្ថែមលើសមត្ថភាពផលិត ដែលមានស្រាប់បច្ចុប្បន្ន ៥៦០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។
គម្រោងនេះមានទឹកប្រាក់សរុបចំនួន២៤៧ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចំនួន៨៥លានដុល្លារអាមេរិក, ឥណទានសម្បទានសរុបពី EIBចំនួន១០០លានដុល្លារអាមេរិក, ហិរញ្ញប្បទានឥតសំណងពី សហគមន៍អឺរ៉ុប (EU/Asian Investment Facility) ចំនួន១៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន៤៧លានដុល្លារអាមេរិក។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាភ្នាក់ងារប្រតិបត្តិគម្រោងខាងលើនេះ និងជាអ្នកខ្ចីបន្តពីរាជរដ្ឋាភិបាលកម្ពុជា។
លោក ហែម វណ្ណឌី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ EIB ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងនេះ ក៏ដូចជា កំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងពង្រីកការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់វិស័យផ្សេងទៀត ដែលបម្រើដល់អាទិភាព នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ៕