(ភ្នំពេញ)៖ វីដេអូឃ្លីបដ៏ព្រឺព្រួចមួយនៃការបើករថយន្តកុងតឺន័រវ៉ាជែងគ្នាដ៏គ្រោះថ្នាក់លើដងវិថី ត្រូវបានគេចែករំលែក និងបង្ហោះនៅលើបណ្តាញសង្គម Facebook។ វីដេអូនេះ បានបង្ហាញពីការវ៉ាជែងដ៏គ្រោះថ្នាក់របស់រថយន្តកុងតឺន័រមួយគ្រឿងនៅកន្លែងស្ថានភាពផ្លូវតូច ខណៈរថយន្តមួយគ្រឿងទៀតបើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នាស្ទើរតែប៉ះគ្នាទៅហើយ។
លោក ម៉េងលី ដែលជាអ្នកបង្ហោះវីដេអូដ៏ព្រឺព្រួចនេះ បានរៀបរាប់ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ១២៖៥៨នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកអូជ្រៅ។
ជាមួយការបង្ហោះវីដេអូនេះ លោក ម៉េងលី ក៏បានសរសេរបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពលើដងវិថី ដែលបង្កមកពីរថយន្តធំៗនេះផងដែរ។ លោក ម៉េងលី បានសរសេរថា «អ្នកបេីកបរឡានធំនៅតែបន្តប្រមាថជីវិតប្រជាជនកម្ពុជានៅតាមដងផ្លូវដូចសត្វធាតុគ្មានតម្លៃ...។ តេីពួកយេីងគួរតែដោះស្រាយបញ្ហាដែលកេីតឡេីងច្រំដែលៗមួយនេះតាមរបៀបណា?»។
សូមបញ្ជាក់ថា ការវ៉ាជែងដោយសារខ្វះប្រុងប្រយ័ត្ននេះតែងបង្កឱ្យមានគ្រោះថ្នាក់លើដងវិថីជាញឹកញាប់។ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តែងបានអំពាវនាវដល់អ្នកបើកបរគោរពច្បាប់ ប្រុងប្រយ័ត្ន និងមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងពេលបើក ដើម្បីបញ្ចៀសគ្រោះថ្នាក់លើដងវិថី ដែលឆក់យកជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ៕