(ស្វាយរៀង)៖ បុរសពីនាក់ឪពុក និងកូនប្រសា ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពព្រលះសាច់គោអ្នកភូមិកាលល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
នៅចំណុចខាងលិចទួលព្រៃពោនចម្ងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា «កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំឡី ស្រុកកំពង់រោទិ៍ បានចេញល្បាតនៅវេលាម៉ោង៦៖០០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ពេលយប់ ក៏បានប្រទះឃើញជនសង្ស័យចំនួន ២នាក់ កំពុងធ្វើសកម្មភាពប្រលះគោឈ្មោល១ក្បាលពណ៌ត្នោត ដែលរុំជាប់នឹង ដើមអាកាស្យាលើភ្លឺប្រឡាយ ហើយកម្លាំងយើងមានការសង្ស័យ ក៏ធ្វើការឃាត់ខ្លួនភ្លាមៗដើម្បីធ្វើការសាកសួរ»។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ ញឹម ចន្នា ភេទប្រុស(អាយុ៣៩ឆ្នាំ) មុខរបរធ្វើស្រែមានទីលំនៅភូមិ ឃុំ(ខាងលើ) និងទី២ឈ្មោះ អឿន ឈើកា ភេទប្រុស(អាយុ ២៥ឆ្នាំ) មុខរបរកម្មករមានទីលំនៅក្នុងភូមិសំឡីខាងជើង ឃុំសំឡី ត្រូវជា(កូនប្រសារជនសង្ស័យទី១ផងដែរ)។
ក្រោយសមត្ថកិច្ចបានសួរចំលើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវះគោរបស់ប្រជាពលរដ្ឋពិតមែន ហើយបច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងនគរបាលកំពុងបំពេញ និងកសាងសំណុំរឿង បញ្ជួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕