(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្នួល អាណត្តិទី៣ ចំនួន ១៩រូប។ 

នៅក្នុងឱកាសនោះលោកបានណែនាំឲ្យក្រុមប្រឹក្សាស្រុក ដែលទើបតែងតាំងថ្មី ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឲ្យស្រុករបស់ខ្លួនមានការអភិវឌ្ឍកាន់តែខ្លាំងឡើងផងដែរ។

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកនេះដែរ ក៏មានការចូលរួម ពីរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មន្រ្តីជំនាញ និងកងកម្លាំងទាំងបីប្រភេទជាច្រើនរួបផងដែរ។ លោក គង់ គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់នៅចំពោះមុខក្រុមប្រឹក្សាដែលទើបនិងកាន់តំណែងថ្មីថា ស្រុកស្នួលមានឃុំរដ្ឋបាលចំនួន ៦ឃុំ ភូមិចំនួន ៤០ភូមិ មានផ្ទៃដីសរុប២៨១,៨២១ហិកតា មានគ្រួសារ ២០,៧៤៦គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន៩២,៥៦៦នាក់។

លោកបានបញ្ជាក់ទៀតថា ដោយដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្យប្រជាជនកម្ពុជា និងមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានជ្វើឲ្យប្រទេសយើងមាន សុខសន្ដិភាព ស្ថិរភាពសង្គម និងធ្វើឲ្យស្រុកស្នួលមានការអភិវឌ្ឍរីកចម្រើនជាបន្ដបន្ទាប់ ហើយស្រុកស្នួលមានក្រុមហ៊ុនមកបណ្ដាក់ទុនវិនិយោគចំនួន ៣៣ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនដាំដំណាំ កសិឧស្សាហកម្មចំនួន ១៩ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុនវិនិយោគចំនួន ១ក្រុមហ៊ុន ក្រុមហ៊ុនអភិវឌ្ឍន៍តំបនសេដ្ឋកិច្ចពិសេសចំនួន១ក្រុមហ៊ុន, ក្រុមហ៊ុនកែច្នៃថ្មម៉ាបចំនួន ១២ក្រុមហ៊ុន និងក្រុមហ៊ុនកែច្នៃផលិតដំណាប់ស្វាយ១ក្រុមហ៊ុនផងដែរ។

លោកបានបន្តថា ស្រុកស្នួលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំង ដោយសារស្រុកស្នួលមានព្រំប្រទលជាប់ជាមួយប្រទេសវៀតណាម ធ្វើឲ្យមានការចរាចរដឹកជញ្ជូនទំនិញចេញចូលទៅមកច្រើន មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ តាមច្រកអន្ដរជាតិត្រពាំស្រែ នៅក្នុងឃុំ២ធ្នូ ច្រកទ្វេភាគីជ័យឃ្លាំង នៅឃុំក្រញ៉ូងសែនជ័យ និងច្រកអូរលាវ នៅក្នុងឃុំស្រែកចារ ដែលនិងត្រូវដាក់បញ្ចូលជាច្រកទ្វេភាគីនាពេលខាងមុខ។

លោក វ៉ា ថន បានអបអរសាទរផងដែរថា សមាជិក-សមាជិកាក្រុមប្រឹក្សាស្រុកស្នួលដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ដើម្បីបន្តដឹកនាំស្រុកឲ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ហើយការចូលកាន់តំណែងរបស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សានាឱកាសនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

លោកបានបន្ថែមថា បច្ចុប្បន្នកំពុងបន្តជម្រុញការអនុវត្តកម្មវិធីកំណែទម្រង់នានាស្របតាម យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ,អំណាច ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្រប ពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋផងដែរ៕