(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួន១ម៉ឺន២ពាន់ករណី និងស្លាប់ចំនួន២១នាក់ ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេ ង ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺសម្រាកព្យាបាល និងពិនិត្យស្ថានភាពករណីជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
លោកសាស្រ្តាចារ្យបានលើកឡើងថា សម្រាប់ការចុះពិនិត្យស្ថានភាពផ្ទាល់ក្នុងមនី្ទរពេទ្យនេះ ដើម្បីជួយបន្ថែម និងបន្តពង្រីកការយកចិត្តទុកដាក់តាមមនី្ទរពេទ្យរដ្ឋផ្សេងទៀត ដើម្បីជួយអ្នកជំងឺគ្រុនឈាម និងសង្រ្គោះឲ្យបានទាន់ពេលវេលា ដោយសារតែនៅក្នុងមនី្ទរពេទ្យគន្ធបុប្ផា បានទទួលអ្នកជំងឺច្រើនលើសលប់។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការចុះមកនេះក៏ដើម្បីឱ្យគ្រូពេទ្យនៅរាជធានីភ្នំពេញ មករៀនសូត្រនៅក្នុងមនី្ទរពេទ្យគន្ធបុប្ផាបន្ថែម ព្រោះនៅពេលមានបញ្ហាជំងឺច្រើន អាចរំលែកទៅកាន់មនី្ទរពេទ្យក្រុងបាន។
រដ្ឋមន្ដ្រីបន្ថែមថា ប្រសិនបើមានករណីជំងឺគ្រុនឈាមបន្តកើនឡើង ក្រសួងសុខាភិបាល និងបណ្តុះបណ្តាលមន្ត្រីសុខាភិបាលបន្ថែមនៅតាមរាជធានី ខេត្ត ផ្គត់ផ្គង់ឱសថ បរិក្ខារ និងអប់រំប្រជាពលរដ្ឋ ឱ្យយល់នៅពេលមានរោគសញ្ញាគ្រុនឈាម ត្រូវបញ្ជូនមកមណ្ឌលសុខភាព និងមនី្ទរពេទ្យរដ្ឋ ដើម្បីធានាថា ការព្យាបាលរបស់យើងបានត្រឹមត្រូវ ដើម្បីរួចផុតពីការស្លាប់៕