(ភ្នំពេញ)៖ អ្នកសារព័ត៌មានកម្ពុជា២រូប រួមមានអ្នកសារព័ត៌មាន Fresh News និង អ្នកសារព័ត៌មានថ្មីៗ ត្រូវបានក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីប្រចាំកម្ពុជា អញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុងពិធីបើកការប្រារព្ធពិធីបុណ្យ EID Al-FITR ឆ្នាំ២០១៩ និងទស្សនកិច្ចកម្សាន្ត នៅទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
អ្នកសារព័ត៌មានកម្ពុជា ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍នៅប្រទេសម៉ាឡេស៉ី រួមមាន លោក កែវ ពិសិដ្ឋ អ្នកយកព័ត៌មានអង្គភាពសារព័ត៌មាន Fresh News និង អ្នកនាង អ៊ីសា រ៉ហានី អ្នកយកព័ត៌មាននៃគេហទំព័រសារព័ត៌មានអនឡាញថ្មីៗ។
តាមការគ្រោងទុក អ្នកសារព័ត៌មានទាំង២រូប នឹងត្រូវធ្វើទស្សនកិច្ចនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក្នុងទីក្រុងកូឡាឡាំពួរ ដូចជា អគារភ្លោះ Petronas, សារមន្ទីរ, Malaysia cartoon & Comic House ពិសេសគឺការចូលរួមបើកការប្រារព្ធពិធី EID Al-FITR ឆ្នាំ២០១៩ ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយសម្រាប់ប្រទេសម៉ាឡេស៉ី។ លោកនាយករដ្ឋមន្រ្តី មហាធៀ ក៏គ្រោងនឹងមានវត្តមាន ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។
MEGA FAM គឺជាយុទ្ធនាការទេសចរណ៍ម៉ាឡេស៉ី ទៅដល់ស្ថាប័នផ្សព្វផ្សាយទូទាំងពិភពលោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០មក។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ១០០០នាក់រួចមកហើយ ដែលពួកគេសុទ្ធសឹងជាអ្នកសារព័ត៌មានមនិងអ្នកគ្រប់គ្រងក្រុមហ៊ុនបោះពុម្ពផ្សាយផ្សេងៗ។
ព្រឹត្តិការណ៍នេះ ក៏មានកិច្ចសហការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ ទាំងក្នុងនិងក្រៅប្រទេស, បណ្ដាសណ្ឋាគារ និងស្ថាប័នរាជរដ្ឋាភិបាល។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយគោលដៅទេសចរណ៍នានា ក្នុងប្រទេសម៉ាឡេស៉ី៕