(ភ្នំពេញ)៖ ដើម្បីបង្កើតភាពជាដៃគូរគ្នា រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងអង្គការស្ទីមកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានធ្វើការចុះអនុស្សរណៈ នៃការយោគយល់ ( MoU) ដើម្បីរួមគ្នាបង្កើតជាសកម្មភាពដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យបានកាន់តែល្អប្រសើរ។
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រវាងលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងលោកស្រីបណ្ឌិត Una McCarthy-Fakhry នាយិការអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា និងលោក សេង រតនា ប្រធាននាយកអង្គការស្ទីមកម្ពុជា។
អង្គការទាំង២ ស្ថាប័ននេះ មានបំណងបណ្ដុះស្មារតីយុវជនកម្ពុជាឱ្យស្រឡាញ់ និងចូលចិត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដើម្បីអនាគតកម្ពុជាដ៏ត្រចះត្រចង់ តាមរយៈកម្មវិធី ព្រឹត្តិការណ៍ ឬមហោស្រពពិព័រណ៍នានា។ អនុស្សរណៈ នៃការយោគយល់នេះ ផ្ដល់នូវឱកាសដ៏មានតម្លៃក្នុងការអនុវត្តសកម្មភាពរបស់អង្គការ ដែលស្របទៅនឹងគោលដៅរបស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដើម្បីរួមគ្នាបង្កើតសកម្មភាពដ៏ល្អប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។
ថ្លែងក្នុងឱកាសនោះលោក អ៊ាង សុផល្លែត បានថ្លែងថា កិច្ចសហប្រតិបត្តិការបែបនេះ គឺជាជំហានដ៏ត្រឹមត្រូវស្របទៅតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងវិស័យបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព និងបម្រើដល់ផលប្រយោជន៍រួម ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព នៃប្រទេសកម្ពុជា ជាពិសេសជំរុញ និងលើកកម្ពស់ការសា្រវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបៃតង ការប្រើប្រាស់ដោយចីរភាព ការគ្រប់គ្រង និងកាត់បន្ថយសំណល់។
លោកស្រីបណ្ឌិត Una McCarthy-Fakhry ក៏បានលើកឡើងដែរថា តម្រូវការការអប់រំស្ដីពីបរិស្ថានគឺកាន់តែច្រើនឡើង យុវជននាពេលបច្ចុប្បន្ន នឹងប្រកបការងារផ្សេងៗ នៅថ្ងៃអនាគត ហើយការដែលពួកគាត់គាំទ្រ ដល់ការអនុវត្តការងារដើម្បីបរិស្ថានបៃតង នៅរាល់ទិដ្ឋភាពទាំងអស់នៃជីវិត គឺជាប្រការមួយដ៏សំខាន់។ ដើម្បីបង្ហាញនូវការគោរព ក៏ដូចជាការប្ដេជ្ញាចំពោះអនុស្សរណៈនេះ លោកស្រីក៏បានប្រកាសថា មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ខាងមុខនេះ នឹងប្ដេជ្ញាលើកកម្ពស់ការអប់រំបរិស្ថាន ហើយព្រឹត្តិការណ៍នេះនឹងរៀបចំឡើង ដោយមានទម្រង់ជាបរិស្ថានបៃតង និងជាលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក លោក សេង រតនា ប្រធាននាយកអង្គការស្ទីមកម្ពុជា ក៏បានថ្លែងផងដែរថា យើងខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចំពោះការសហការ ជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការយល់ដឹងអំពីតម្រូវការសកម្មភាពដ៏ចាំបាច់ ជុំវិញបញ្ហាបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ទូរស័ព្ទ ០២៣ ៧២ ៧២ ៦២ ឬវេបសាយhttp://www.stemcambodia.ngo/world-robot-olympiad/ ៕