(បន្ទាយមានជ័យ)៖ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិត ផលអង្គរមីល មានទីតាំង ស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការពិសោធន៍លើផលិតផលអង្គរមីល ក្រោយពីព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅសាលាបឋមសិក្សាអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីក្រុមហ៊ុនបានចែកទឹកដោះគោដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរអំបិល។
សន្និសីទសារព័ត៌មាននេះមានការចូលរួមពីលោកតំណាងអភិបាលក្រុងសិរីសោភ័ណ លោកនាយប៉ុស្តិ៍រដ្ឋបាលអូរអំបិល លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកនាយកសាលា លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាអូរអំបិល លោកចៅសង្កាត់អូរអំបិល មាតាបិតាសិស្សានុសិស្ស លោក លោកស្រី អ្នកនាងកញ្ញាតំណាងអ្នកសារព័ត៌មាន ជាពិសេសសិស្សានុសិស្សសាលាបឋមសិក្សាអូរអំបិល ប្រមាណជា១២០០នាក់។
ក្រោមការខិតខំប្រឹងប្រែងរបស់មន្រ្តីមន្ទីរសុខាភិបាល និងអាជ្ញាធរដែលពាក់ពន្ធ័ ជាពិសេសក្រសួងសុខាភិបាល ក្រោយពីយកសំណាកផលិតផល ទៅធ្វើការពិសោធន៍នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលរបស់ក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២៖៤០នាទី មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានទទួលសំណាកផលិតផល ហើយបានធ្វើការពិសោធន៍ ដើម្បីស្វែងរកមូលហេតុ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លទ្ធផលពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលមានលេខរៀងវិភាគ 19-F0029 បានអះអាងថា ផលិតផលទឹកដោះគោអង្គរមីល គឺគោរព និងអនុលោមតាមបទដ្ឋានជាតិបានត្រឹមត្រូវ និងមិនមានមូលហេតុធ្វើឲ្យមានការប៉ះពាល់ ដល់អ្នកប្រើប្រាស់នោះឡើយ។
ទន្ទឹមគ្នានោះដែរនាយកដ្ឋានឱសថចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងក៏ចេញរបាយការណ៍លទ្ធផលវិភាគសំណាកផងដែរថា ផលិតផលទឹកដោះគោអង្គរមីល មិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ។
ផលិតផលអង្គរមីលត្រូវបានផលិតដោយក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិត ទឹកដោះគោដ៏ធំបំផុតទីមួយនៅប្រទេសកម្ពុជា ជាមួយការវិនិយោគដំបូងចំនួនទឹកប្រាក់២៣លានដុល្លារសហរដ្ឋអាមេរិច ដែលមានទីតាំង ស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភដ៏សម្បូរបែប ដើម្បីជួយទ្រទ្រង់ទាំងប្រាជ្ញា និងស្មារតីដល់អតិថិជនទាំងអស់ គ្រប់ចង្វាក់ផលិតកម្មផលិត ទឹកដោះគោ ម៉ាកអង្គរមីល ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។
វត្ថុធាតុដើមផលិតត្រូវបាននាំចូលពី៖ សហគមន៍អឺរ៉ុប អាមេរិច អាឡឺម៉ង់ អូស្រ្តាលី អេស្ពាញ ប៉ូឡូញ ញ៉ូសាលេន លីធូនៀរ ហើយរោងចក្របានបំពាក់ម៉ាស៊ីនផលិត ដោយម៉ាស៊ីនមានបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ចំណាត់ថ្នាក់ពិភពលោក ម៉ាកតេស្រ្តាភែខ (Tetra Pak) ពីប្រទេសស៊ុយអ៊ែត ដំណើរនៃចង្វាក់ផលិតកម្មត្រូវបានគ្រប់គ្រង និងទទួលស្គាល់ដោយស្ថាប័ន គ្រប់គ្រងគុណភាពពីប្រទេសអង់គ្លេសប៉ូរ៉ួវើរីតាស់ (Bureau Veritas) ហើយទទួលបានសញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC22000 ពីស្ថាប័ននេះថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះរោងចក្រក៏អនុលោមតាមស្តង់ដារគុណភាពជាតិ ដោយទទួលបានសញ្ញាប័ត្រហាលទ្បារ ហើយរោងចក្រមានការប្តេជ្ញាជាដាច់ខាត ដោយមិនប្រើប្រាស់សារធាតុរក្សាទុកឲ្យបានយូរ នៅគ្រប់ផលិតផលទាំងអស់របស់ខ្លួន។
ដើម្បីចូលរួមក្នុងការការពារការបំភាយឧស្ម័នកាបូនិច និងការបំរែបំរួលអាកាសធាតុរោងចក្របានបំពាក់ប្រពន្ធ័ពន្លឺព្រះអាទិត្យ សំរាប់ផ្គត់ផ្គង់ ការផលិត ផលិតផលអង្គរមីល។ គោលបំណងវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែផ្តល់អាហាររូបត្ថម្ភដ៏ល្អជាមួយ និងតម្លៃសមរម្យប៉ុណ្ណោះទេ អនាគតក្រុមហ៊ុនមានបំណង យករោងចក្រនៅប្រទេសកម្ពុជា ជាឃ្លាំងសម្រាប់ផ្គត់ផ្គង់នៅតំបន់អាស៊ីថែមទៀតផង។
រោងចក្រអង្គរឌែរីប្រូដាក មានលទ្ធភាពផលិតដូចខាងក្រោម៖
១៖ ទឹកដោះគោស្រស់ (UHT) ចំនួន៤៦លានលីត្រក្នុងមួយឆ្នាំ
២៖ ផលិតទឹកដោះគោខាប់ចំនួន ៨៥លានកំប៉ុងក្នុងមួយឆ្នាំ និង
៣៖ ផលិតយ៉ាអ៊ួរចំនួន ៧៤លានកែវក្នុងមួយឆ្នាំ។
ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីអតិថិជនក្រោយពីដំណើរការបានពីរឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនបានបន្ថែមទុនវិនិយោគចំនួន១៥លានដុល្លារសហរដ្ឋអាមេរិចបន្ថែមទៀត បើតាមការព្យាករណ៍នៃការរីកចំរើន ឥតឈប់ឈរដូចពេលបច្ចុប្បន្ននេះ នៅឆ្នាំ២០២០ ខាងមុខ ក្រុមហ៊ុន អាចមានការបន្ថែមទុនវិនិយោគបន្តទៀត គឺក្នុងគោលបំណងបង្កើនចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៏ផលិតផលថ្មីៗជាច្រើនទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាចូលរួមកសាងសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋ។
សូមជំរាបផងដែរថានាពេលបច្ចុប្បន្ននេះ ផលិតផលអង្គរមីលបានផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជាប្រមាណជា ២៥០០០គ្រួសារទូទាំងប្រទេសផងដែរ៕