(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបទីតាំងផលិតឡេនៅក្រុមហ៊ុន «ហុង ថន ខសបេធីក ឯ ក» សង្ស័យមិនគោរពតាមស្តង់ដារត្រឹមត្រូវ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ដែលដឹកនាំចុះបង្ក្រាបផ្ទាល់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ក្រោមការណែនាំពីឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន សហការជាមួយមន្ដ្រីក្រសួងសុខាភិបាល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន «ហុងថន ខសបេធីក ឯ ក» ដែលផលិតឡេ គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត»។
បើតាមលោកឧត្តមសេនីយ៍ទោ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានដកហូតផលិតផលសរុបចំនួន២៥មុខ ស្មើនឹង១២,០៦១គីឡូក្រាម, ឧបករណ៍ផលិត ១២គ្រឿង និងវត្ថុធាតុដើម ១១៥ធុង។
ក្រៅពីការដកហូតវត្ថុតាំងដ៏ច្រើនបែបនេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ក្នុងនោះម្ចាស់ទីតាំងម្នាក់ (ស្រី) និងមេកា ២នាក់ទៀត ដែលជនសង្ស័យទាំងនេះត្រូវ បានបញ្ជូនទៅធ្វើការ សួរនាំនៅនាយកដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕