(ភ្នំពេញ)៖ និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី១ និងជំនាន់ទី២ បានចូលរួមវគ្គបណ្តុះបណ្តាលអាកប្បកិរិយា និងការគិតបែបវិជ្ជមាន ( Positive Mental Attitude Training) ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនគំនិតវិជ្ជមាន និងប្រើប្រាស់ចំណេះដឹងនេះ ក្នុងការអភិវឌ្ឍន៍ការសិក្សា និងអាជីពរបស់ពួកគេឲ្យកាន់តែរីកចម្រើន។
បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល និស្សិត គឹម គិនបញ្ញាទារិកា បានបញ្ចេញមតិថាមជ្ឈដ្ឋានជុំវិញខ្លួនយើង អាចជះឥទ្ធិពលមកលើការគិតរបស់យើង ប៉ុន្តែដើម្បីរក្សាបាននូវគំនិតវិជ្ជមាន យើងត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ទាំងចំណុចខ្លាំង និងចំណុចខ្សោយ នោះទើបយើងអាចកំណត់គោលដៅជីវិតដ៏ជាក់លាក់មួយ និងទទួលបានភាពជោគជ័យក្នុងជីវិត។
និស្សិត កាំង វិនហុង បានឱ្យដឹងថា «ខ្ញុំយល់ឃើញថា វិធីដែលអាចដោះស្រាយនូវបញ្ហា គឺយើងត្រូវចេះប្រឈមមុខដោះស្រាយវាបន្តិចម្តងៗ និងព្រមទទួលយកការពិត មិនមែនការរត់គេចវេសពីបញ្ហានោះឡើយ»។
ចំនែកឯនិស្សិត ហ៊ែល សួនលៀង ក៏បានលើកឡើងដែរថា «សម្រាប់ខ្ញុំផ្ទាល់ គន្លឹះក្នុងការធ្វើឲ្យយើងមានអាកប្បកិរិយា និងការគិតបែបវិជ្ជមានមានដូចជា ការហាត់ប្រាណឱ្យបានទៀងទាត់ ការមានវិន័យផ្ទាល់ខ្លួនល្អ និងការផ្លាស់ប្តូរនូវទម្លាប់មិនល្អ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង តែងតែបង្កើតកម្មវិធីអប់រំនានា ដើម្បីបង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់និស្សិតអាហារូបករណ៍របស់ ជីប ម៉ុង ទាំងពីរជំនាន់ដែលជាអនាគតធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន តួយ៉ាងដូចជាវគ្គបណ្តុះបណ្តាលអាកប្បកិរិយា និងការគិតបែបវិជ្ជមាន នេះជាដើម៕