Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញឲ្យលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាយិកា ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានរឹងមាំ និងច្បាស់លាស់ក្នុងការសង្គ្រោះអ្នកជំងឺ

20-06-2019 14:04

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញឲ្យលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាកាទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯងឲ្យបានរឹងមាំ ហ្មត់ចត់ ព្យាបាល និងថែទាំអ្នកជំងឺឱ្យបានមាំទាំ សង្កត់ឲ្យធ្ងន់ និងច្បាស់លាស់ជាមួយអ្នកជំងឺកុំឲ្យមានការធ្វេសប្រហែសឱ្យសោះ ហើយត្រូវព្យាបាលអ្នកជំងឺ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងយុទ្ធនាការថែទាំ «ការចែករំលែកនូវការអនុវត្តន៍ ដ៏មានប្រសិទ្ធភាព ក្នុងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ការថែទាំសុខភាពបឋម និងការថែទាំទារក» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC)។

ពិធីនេះក៏មានការចូលរួមពីលោកស្រីសាស្ត្រាចារ្យ Judith Shamian RN, PHD ប្រធានក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ Emerita លោក Kumanan Razanathan តំណាងអង្គការសុខភាព ពិភពលោក រួមទាំងលោក លោកស្រីប្រធានមន្ទីរពេទ្យ និងលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាក ជាច្រើនរូបផងដែរ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងបន្តថា «នៅចំពោះមុខស្ថានភាព និងបរិបថសង្គមកម្ពុជាសព្វថ្ងៃ យើងទទួលស្គាល់ថា វិស័យសុខាភិបាល មានវឌ្ឍនភាពវិជ្ជមានយ៉ាងជាក់ស្តែង ក្នុងនោះ ក៏មើលឃើញថា នៅមានការខ្វះចន្លោះមិនតិចគួរឱ្យបានរម្មណ៍ផងដែរ ទាំងគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការព្យាបាល និងពិសេសនោះ គុណភាពក្នុងការថែទាំ ហើយកិច្ចការឆ្មប និងគិលានុបដ្ឋាកា នៅមានការខ្វះចន្លោះ ដែលកិច្ចការនេះ ជាការចាំបាច់ខ្លាំងណាស់ ក្នុងកញ្ចប់ថែទាំអ្នកជំងឺ ពីព្រោះតែឆ្មប និងគិលានុបដ្ឋាកានៅតាមមូលដ្ឋានគឺ នៅជាមួយអ្នកជំងឺ២៤ម៉ោង ហើយក៏ជាអ្នកដែលត្រូវអនុវត្តន៍វេជ្ជបញ្ជា របស់គ្រូពេទ្យផងដែរ»។

លោកបានបន្ថែមទៀតថា រាល់ជោគជ័យក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ត្រូវតែទទួលស្គាល់ដោយមិនអាចប្រកែកបានថា ពិតជាមានចំណែករបស់ឆ្មប និងគិលានុបដ្ឋាកា យ៉ាងពិតប្រាកដ ព្រោះតែកញ្ចប់ព្យាបាលរបស់លោកគ្រូពេទ្យ គឺត្រូវបានឆ្មប ឫគិលានុបដ្ឋាកា ជាអ្នកអនុវត្តន៍យ៉ាងពិតប្រាកដ ដោយសារតែលោកគ្រូពេទ្យ មិនបាននៅជិតអ្នកជំងឺ បានរហូតនោះទេ ហើយមានតែឆ្មប ឫគិលានុបដ្ឋាកាតែប៉ុណ្ណោះ ដែលជាអ្នកនៅក្បែរមើលថែអ្នកជំងឺបានជាប់ជាប្រចាំ ដូចនេះហើយលោកគ្រូពេទ្យទាំងអស់ ត្រូវតែមើលឱ្យឃើញពីតម្លៃរបស់ឆ្មប ឫគិលានុបដ្ឋាកា បើគ្រូពេទ្យណាមើលមិនឃើញពីតម្លៃរបស់សហការីខ្លួនទេ គ្រូពេទ្យនោះមិនទាន់ល្អគ្រប់គ្រាន់នោះទេ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានសង្កត់ធ្ងន់ថា ករណីស្ត្រីសម្រាលកូនម្នាក់ ដែលទើបតែមានបញ្ហាបានកើតឡើងកាលពីពេលថ្មីៗនេះ នៅខេត្តតាកែវ ដែលជាការខ្វះចន្លោះរបស់គ្រូពេទ្យ ដែលបណ្តោយតាមអ្នកជំងឺ ចេញពីមន្ទីរពេទ្យទាំងអ្នកជំងឺមិនទាន់មានសុវត្ថិភាពនោះ «អ្នកគ្រូនឹងមិនរួចខ្លួនទេ» សូមមេត្តា មាំទាំ ច្បាស់លាស់សង្កត់ឱ្យធ្ងន់ ប្រាប់អ្នកជំងឺថា នេះជាការថែទាំមួយដែលនៅក្នុងមាត់ស្បូនស្ត្រីនោះមានស្បៃមួយដុំ ដែលទប់ស្កាត់មិនឱ្យហូរឈាម ត្រូវតែណែនាំគាត់ឱ្យនៅព្យាបាលនៅពេទ្យសិន ឫត្រូវតែឱ្យត្រឡប់មកពេទ្យវិញដើម្បីធ្វើការសំអាត បើមិនដូចនេះទេនឹងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ត្រូវតែប្រាប់អ្នកជំងឺឱ្យបានច្បាស់ (បើពួកគេល្ងង់ប៉ុណ្ណាក៏គេត្រូវតែមកព្យាបាលវិញដែរ ព្រោះអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់) នេះគឺមកពីការធ្វើការដោយមិនបានហ្មត់ចត់ និងច្បាស់លាស់ពីគ្រូពេទ្យ៕