(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ដ្រីប្រឆាំងគ្រឿងញៀន ត្រូវបន្ដយកចិត្ដទុកដាក់មួយកម្រិតបន្ថែមទៀត សំខាន់នៅរាជធានីភ្នំពេញ ដែលមាននៅតាមរង្គសាល ក្លិបកំសាន្ដ កាស៊ីណូជាដើម ព្រោះឱ្យតែមានកន្លែងទាំងនេះហើយ គឺមានគ្រឿងញៀននៅក្នុងនោះ ទាំងស្រីពេស្យា អំពើហិង្សា ចោរកម្ម កាប់សម្លាប់គ្នានៅកន្លែងនោះ។
ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរប្រឆាំងគ្រឿងញៀន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានស្វះស្វែងអស់ពីកម្លាំងកាយចិត្ដ ដើម្បីទប់ស្កាត់ នូវបញ្ហាគ្រឿងញៀននេះ ប៉ុន្ដែប្រជាពលរដ្ឋយើងមួយចំនួន នៅមានការលាក់ ដោយពេលខ្លះបានជួលផ្ទះឱ្យអ្នកផលិតគ្រឿងញៀនស្នាក់នៅផងដែរ ដើម្បីចង់បានលុយ។ ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងការសហការចូលរួម រាយការណ៍ដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចផង។ ទន្ទឹមនឹងក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ដ្រីពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចិត្ដទុក្ខដាក់មួយកម្រិតបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា កុំឱ្យសង្គមយើងមានទៅដោយករណីអំពើហិង្សាកាប់សម្លាប់ ដោយប្ដីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្ដី ពិសេសកុំឱ្យមានករណីដូចចៅៗនៅអង្គការ អាហ្វេស៊ីប ទុំឌីនេះ» ។
ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានអំពាវដល់មាតាបិតាទាំងអស់ នៅតាមមូលដ្ឋាន និងអាជ្ញាធរនៅតាមមូលដ្ឋាន នៅតាមខេត្ដ តំបន់ឆ្ងាយ សូមមេត្ដាយកចិត្ដទុក្ខដាក់ និងជួយការពារសុវត្ថិភាពពួកគាត់ផង កុំឱ្យមានករណីដូចថ្មីៗនេះ ដែលជាករណីរំលោភសម្លាប់ក្មេងពីរនាក់ នៅខេត្តព្រះសីហនុកន្លងមក។ ដូចនេះ កុំឱ្យមានករណីនេះ កើតមានឡើងច្រើនទៅៗ ឬរីករាលដាលឱ្យធំឡើងៗ យើងត្រូវតែទប់ស្កាត់ឱ្យមានការធ្លាក់ចុះរហូត។
សូមជម្រាបថា ដោយសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅបណ្ដាក្លឹបកម្សាន្ដ និងខារ៉ាអូខេធំជាបន្ដបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀនជាច្រើន ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធជាបន្ដបន្ទាប់ផងដែរ។
បើតាមរបាយការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល០៥ខែ ដើមឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨ គីឡូក្រាម កញ្ញាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត៕