(ម៉ាឡេស៊ី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក YB Datuk Seri Dr. Mujahid bin Yusof រដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនា និងប្រធានស្ថាប័នក្រោមឱវាទទាំង១៣។
ក្រោយពីបានស្វែងយល់បន្ថែមនូវវឌ្ឍន៍ភាពនយោបាយ សុខដុមនីយកម្មសាសនា និងការផ្តល់ឱកាសមានតំណាងថ្នាក់ដឹកនាំឥស្លាមនៅព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្រ្តី អាជ្ញាធរគ្រប់ផ្នែក ក្នុងនាមរាជរដ្ឋាភិបាលម៉ាឡេស៊ី ក៏ដូចមន្រ្តីក្រោមឱវាទបានអបអសាទរ គាំទ្របន្តចូលរួមលើកស្ទួយអភិវឌ្ឍន៍ និងឯកភាពដូចជា៖
*ទី១៖ ឯកភាពក្នុងការទទួលស្គាល់ស្តង់ដាហាឡាលកម្ពុជាជាផ្លូវការ និងផ្តល់វគ្គបណ្តុះបណ្តាលតាមវឌ្ឍនភាពហាឡាលនាពេលបច្ចុប្បន្ន។
*ទី២៖ គាំទ្រយ៉ាងពេញទំហឹង ដោយបណ្តាលស្ថាប័នភ្នាក់ងារត្រូវទាក់ទងបង្កើត ជាបណ្តាញរួមគ្នាជំរុញសិក្សាស្រាវជ្រាវ ធ្វើយ៉ាងណាឲ្យកិច្ចការគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) ការគ្រប់គ្រងហ្សាកាត់ (ការបរិច្ចាគទាន) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) ប្រព័ន្ធសិក្សាធិការឥស្លាម និងការគ្រប់គ្រងរដ្ឋបាលឥស្លាម បានដំណើរការដោយជោគជ័យយ៉ាងឆាប់រហ័ស ស្របតាមច្បាប់រដ្ឋ និងនិតិវិធីរបស់ឥស្លាម ព្រោះកិច្ចការនេះម៉ាឡេស៊ីមានបទពិសោធន៍តាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ។
*ទី៣៖ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានឯកភាពឲ្យស្ថាប័នទទួលបន្ទុកវិស័យហិរញ្ញប្បទានខ្នាតតូច និងមធ្យម (ប្រព័ន្ធហិរញ្ញប្បទាន AR-RAHNU និង AIM) សិក្សា និងចាប់ផ្តើមដាក់ទុនវិនិយោគ។
*ទី៤៖ វិស័យមនុស្សធម៌ ក្នុងនាមរដ្ឋាភិបាលម៉ាឡេស៊ី ក៏ដូចជាបណ្តាស្ថាប័នទទួលបន្ទុកកិច្ចការមនុស្សធម៌ ដែលនៅក្រោមឱវាទជាពិសេស អគ្គនាយកដ្ឋាន អភិវឌ្ឍន៍ឥស្លាម (JAKIM) ក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) សមាគមបុគ្គលិកបម្រើកិច្ចការឥស្លាម (PKPU) ដែលប្រមូលថវិកា អំណោយមនុស្សធម៌ ត្រូវសហការប្រតិបត្តិរួមគ្នា ជាមួយភាគីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងការកសាងវិហារ សាលារៀន ការផ្តល់អាហារូបករណ៍ ការឧបត្ថម្ភថវិកាដល់ក្មេងកំព្រា កម្មវិធីស្រាយបួស គោគួរពាន និងគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងភ្លើងឆេះផ្ទះជាដើម។
*ទី៥៖ បានអបអរសាទរ ដល់សហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយសុខសន្តិភាព និងសុខដុមនីកម្មសាសនា ដោយគ្មានការរើសអើងជាតិសាសន៍ គោរពស្រលាញ់គ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតិឲ្យមានតំណាងសហគមន៍ឥស្លាមនៅ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ជាពិសេសសិទ្ធិសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា ធ្វើឲ្យមេដឹកនាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាម នៃប្រទេសម៉ាឡេស៊ី ប្រុយណេ ឥណ្ឌូនេស៊ី និងសិង្ហបុរី (MABIMS) បានឯកភាពជាឯកច្ឆ័ន ក្នុងការបញ្ចូលកម្ពុជាជាសមាជិក ក្នុងគោលបំណងដើម្បីឲ្យកាន់តែមានភាពងាយស្រួល ក្នុងការទំនាក់ទំនងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាកិច្ចការឥស្លាមទូទៅ ដោយមិនជ្រៀតជ្រែកផ្ទៃក្នុងកិច្ចការនយោបាយប្រទេស ជាសមាជិក ព្រោះក្នុងមួយឆ្នាំមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ម្ដង និងជំនួបថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការពីរឆ្នាំម្តង៕