(ស្វាយរៀង)៖ គ្រួសារប្រជាពលរដ្ឋដ៏ក្រខ្សត់មួយរស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បាននិងកំពុងជួបប្រទះនូវស្ថានភាពដុនដាបជាទម្ងន់ ដោយសារផ្ទះដ៏កម្សត់ របស់ពួកគាត់ ដែលខំរកប្រាក់យ៉ាងលំបាកមកសាងសង់គ្រាន់ជាទ្រនំរស់នៅនោះ ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ បង្កនូវទុក្ខវេទនាយ៉ាងពន់ពេក។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការសង្ស័យថាមានគេលួចដុត ព្រោះមុនពេលកើតហេតុ គេឃើញមានមនុស្សម្នាក់ដើរក្រវែលៗ ផ្ទះរបស់គ្រួសាររងគ្រោះខាងលើ។

គ្រួសាររងគ្រោះខាងលើមានឈ្មោះ គង់ សារឿន (ហៅសឿន) ភេទស្រី អាយុ៤៦ឆ្នាំ។ បើតាមប្រជាពលរដ្ឋដែលឃើញហេតុនេះ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្នុងពេលភ្លើងឆេះអ្នកភូមិមិនអាចជួយពន្លត់ទាន់ពេលឡើយ ព្រោះគ្មានទឹកបាញ់ពន្លត់ ហើយក្នុងផ្ទះនេះមានធុងហ្គាសមួយដ៏ធំទៀត ដោយខ្លាចផ្ទុះក៏បានត្រឹមរាយការណ៍ទៅអាជ្ញាធរ។

ប្រភពបន្តទៀតថា ករណីភ្លើងឆេះផ្ទះនេះសង្ស័យមានគេលួចដុត ព្រោះនៅមុនពេលកើតហេតុ មានយុវជនម្នាក់ស្លៀកខោក្រហមដើរក្រឡឹងផ្ទះរបស់គ្រួសាររងគ្រោះ ខណៈពួកគាត់ចេញពីផ្ទះ។

ដោយកូនៗរបស់គ្រួសាររងគ្រោះបានប្រាប់ថា «មានពូស្លៀកខោក្រហម និងដៃមានកាន់ដបសាំងមកគំរាមឱ្យបងប្រុសសងលុយទៅគាត់ ហើយបើមិនព្រមសងលុយទេ ពូនោះថានឹងដុតផ្ទះចោល»។ ដោយមានការភ័យខ្លាច កូនៗរបស់គាត់បានរត់ចេញពីផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកភ្លើងបានឆាបឆេះផ្ទះរបស់ពួកគេតែម្តង។

ចំពោះគ្រួសាររងគ្រោះនេះទៀតសោត ក៏មានជីវភាពក្រលំបាកទៅទៀត បានត្រឹមតែយំសោកបោកខ្លួនស្ដាយទ្រនំដ៏កម្សត់របស់ខ្លួន ដែលបានខិតខំសន្សំលុយសាងសង់ឲ្យកូនៗបានរស់នៅ ក៏ត្រូវភ្លើងឆេះទៅទៀត។

បើតាមអ្នកស្រី គង់ សារឿន បានឱ្យដឹងថា គ្រាន់តែគាត់ និងប្តីចេញផុតពីផ្ទះ ដើម្បីប្រកបរបររកស៊ីដូចសព្វមួយដងបានប្រមាណ ១៥នាទី ក៏មានគេប្រាប់ថាផ្ទះរបស់ខ្លួនត្រូវភ្លើងឆេះ គាត់ក៏រត់មកផ្ទះវិញឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

ទាក់ទិននឹងការឆេះផ្ទះនេះដែរ លោកអធិការនគរបាលក្រុងស្វាយរៀង បានប្រាប់ថា ករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយនេះ គឺសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី តែទោះជាយ៉ាងណា ហើយទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងចុះទៅធ្វើរឿងនេះហើយ៕