(ព្រះវិហារ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការពារសុវត្ថិភាពម្ហូបអាហារ នៅលើទីផ្សារ មន្រ្ដីកាំកុងត្រូលសាខាខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារបានជ័យ និងផ្សារអង្គការអេដស៍ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញផលិតផលមួយចំនួនហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញ បានផ្តោតទៅលើទំនិញកំប៉ុង និងទំនិញវេចខ្ចប់ស្រាប់ជាច្រើនប្រភេទ ហើយជាលទ្ធផលរកឃើញរួមមាន៖

*ទី១៖ នំចម្រុះ ចំនួន ០៣ស្បោងធំ
*ទី២៖ តែកញ្ចប់ ចំនួន ០៦កញ្ចប់
*ទី៣៖ ទឹកម្ទេស ចំនួន ០១ដប
*ទី៤៖ ខ្ទិះដូង ចំនួន ០៧ប្រអប់
*ទី៥៖ ទឹកត្រី ចំនួន៥៧ដប
*ទី៦៖ ទឹកក្រូច ចំនួន១១ដប។

ក្រោយរកឃើញ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីទុកកម្ទេចចោលពេលក្រោយ។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង អំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕