(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗឆមាសទី១ ឆ្នាំ២០១៩ ដល់មន្ត្រីអាវុធហត្ថខេត្តរតនគិរី។
ក្នុងពិធីផ្សព្វផ្សាយខាងលើនេះដែរ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងស្រុក ក្រុងនិងនាយ នាយរង ពលអាវុធហត្ថចំណុះឲ្យទីបញ្ជាការអាវុធហត្ថខេត្តរតនគិរីជាច្រើននាក់។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានលើកឡើងក្នុងអង្គពិធីថា ការងារអប់រំនយោបាយចិត្តសាស្ត្រ ពិតជាមានសារសំខាន់ ក្នុងការក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍នៃសភាពការនយោបាយ និងសន្តិសុខ សង្គមជាតិ-អន្តរជាតិ យល់ជ្រួតជ្រាបនូវតួនាទីភារកិច្ច និងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិមានឆន្ទៈមោះមុត ហ៊ានលះបង់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតីនិងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានដាស់តឿនទៀតថា ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី បម្រើ និងការពារប្រជាពលរដ្ឋ និងការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន រុងរឿង និងការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ៕