Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី ទទូចឲ្យយុវជនទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ ខំបម្រើប្រជាពលរដ្ឋ និងចូលរួមការអភិវឌ្ឍប្រទេសជាមួយនឹងរាជរដ្ឋាភិបាល

20-06-2019 10:32

(កំពង់ធំ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងទទូចឲ្យយុវជនទាំងអស់ត្រូវខិតខំធ្វើអំពើល្អ ខិតខំបម្រើប្រជាពលរដ្ឋ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាល ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំជិត ៤០០នាក់។

នៅចំពោះមុខក្រុមយុវជនទាំងអស់ លោក ហ៊ុន ម៉ានី បានថ្លែងថា «យើងត្រូវគិតថា ទោះបីលំបាកបន្តិច ហត់បន្តិច លះបង់បន្តិច ការលះបង់ថ្ងៃនេះធានាថា កូនចៅយើងជំនាន់ក្រោយ នឹងមានភាពសុខសាន្ត ហើយប្រទេសជាតិរបស់យើងនឹងមានការរីកចម្រើនជាងនេះ»

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ផងដែរថា «យុវជន យុវវ័យជាទំពាំងស្នងឬស្សី ហើយក៏ជាអ្នកបន្តវេនដែរ យើងមិនអាចចាំដល់ថ្ងៃអនាគតបានគិតនោះទេ ភាពទទួលខុសត្រូវចាប់ផ្ដើមពីការរៀនសូត្រ និងការគិតពីថ្ងៃនេះ ហើយត្រូវហ៊ានទទួលស្គាល់ពីចំណុចខ្សោយ ចំណុចខ្វះខាតរបស់ខ្លួននាពេលនេះ»

នាឱកាសនោះផងដែរ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ដែលលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះ។

លោកអភិបាលខេត្ត បានលើកឡើងដែរថា កាលពី៤០ឆ្នាំមុន ចលនារណសិរ្សដែលដឹកនាំដោយយុវជនមានឈ្មោះថា «សមមិត្ត ហ៊ុន សែន» បច្ចុប្បន្នគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការតស៊ូរំដោះប្រទេសជាតិចេញពីរបបឃោរឃៅព្រៃផ្សៃ ដោយយកអាយុជីវិតធ្វើជាដើមទុនផងដែរ៕