(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នេះជាលើកទី៣ហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។
មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ៨៩នាក់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស៕