(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផែនការបង្ក្រាបគ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ និងខារ៉ាអូខេ។
កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
គួរជម្រាបថា គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅបណ្ដាក្លឹបកម្សាន្ដ និងខារ៉ាអូខេធំជាបន្ដបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀនជាច្រើន ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធជាបន្ដបន្ទាប់ផងដែរ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល០៥ខែ ដើមឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨
គីឡូក្រាម កញ្ញាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត។
ដោយឡែក លទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋាន ចំនួន៧,១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣,៧៤១កន្លែង ស្មើនឹង៥២%៕