(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Erdogan នៅថ្ងៃពុធនេះ បាននិយាយថាអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Mursi ត្រូវបានគេសម្លាប់ ពោលគឺមិនមែនស្លាប់ដោយសារគាំងបេះដូង ដូចដែលអាជ្ញាធរទីក្រុងគែរ លើកឡើងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក Erdogan ធ្វើឡើងបន្ទាប់ពី ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់ លោក Mursi ។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីតួកគីរូបនេះមិនបានបង្ហាញភស្ដុតាងណាមួយ ដើម្បីការពារការអះអាង របស់ខ្លួនឡើយ។
លោក Mohamed Mursi បានជាប់ឆ្នោតជាប្រធានាធិបតីអេហ្ស៊ីប នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១២។ ប៉ុន្តែ កាន់អំណាចបានត្រឹមតែមួយឆ្នាំ លោកត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា នៅឆ្នាំ២០១៣។
លោក Mursi បានទទួលមរណភាពកាលពីថ្ងៃចន្ទកន្លងទៅ ក្នុងវ័យ៦៧ឆ្នាំ ក្រោយដួលសន្លប់នៅក្នុងបន្ទប់សវនា ការនៃតុលាការទីក្រុងគែរ។ លោក Mursi ដែលជាអតីតប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូង គេបំផុត នៅក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប សម័យទំនើប និងជាមេដឹកនាំអង្គការ Muslim Brotherhood ត្រូវបាន ឃុំខ្លួនក្នុងពន្ធនាគារបន្ទាប់ពីលោកត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាច កាលពីឆ្នាំ២០១៣ មកម្លេះ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប លោក Morsi បានទទួលមរណភាពដោយសារតែ ជំងឺគាំងបេះដូង។ ប៉ុន្តែ ក្រុមគ្រួសាររបស់លោក និងក្រុមសកម្មជនការពារសិទ្ធិមនុស្សមួយចំនួនបានអំពាវនាវឱ្យ មានការស៊ើបអង្កេត ដោយបញ្ជាក់ថាអតីតប្រធានាធិបតីអេហ្ស៊ីបរូបនេះ មិនបានទទួលការព្យាបាលត្រឹមត្រូវ នោះទេ ចំពោះបញ្ហាសុខភាពដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹក នោមផ្អែមជាដើម៕