Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋងាយរងគ្រោះចាស់ជរាមានជំងឺ នៅសង្កាត់ស្វាយប៉ាក

19-06-2019 20:13

(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយលោកស្រី សួស សូលីដា បានបន្តដឹកនាំសហការី ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងមានជំងឺ ស្ថិតនៅសង្កាត់ស្វាយប៉ាក នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ តាមអនុសាសន៍ដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែង ព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាមួយសហការីនេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕