(កំពង់ឆ្នាំង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកកាសែតពីររូប ក្រោមការចោទប្រកាន់ថា ពួកគេបានចេញផ្សាយអត្ថបទបរិហាកេរ្តិ៍ និងជំរិតទារប្រាក់ប្រមាណ ២,៨០០ដុល្លារអាមេរិក ពីឧកញ៉ា ទៀ វិចិត្រ។
ការឃាត់ខ្លួន បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងហាងកាហ្វេមួយកន្លែង មានទីតាំងនៅជិតស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាស់ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
អ្នកកាសែតដែលបានឃាត់ខ្លួននេះ រួមមាន៖ លោក ងិន វាសនា ជានាយកផ្សាយព័ត៌មានគេហទំព័រក្រាំងមាស និងលោក ទូច ឌីន អាយុ ៥១ឆ្នាំ ជាសហការីរបស់លោក ងិន វាសនា។
លោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថពិតជាបានឃាត់ខ្លួន លោក ងិន វាសនា នាយកការផ្សាយគេហទំព័រក្រាំងមាស និងសហការីម្នាក់ពិតមែន ដោយជនសង្ស័យទាំងពីរនាក់ខាងលើជាប់ចោទពីបទបរិហារកេរ្តិ៍ និងកំហែងយកប្រាក់ តាមពាក្យបណ្ដឹងមេធាវីរបស់ឧកញ៉ា ទៀ វិចិត្រ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងរូបនេះ បានឱ្យដឹងថា ការចាប់ខ្លួន លោក ងិន វាសនា និងសហការី បន្ទាប់ពីពួកគេ បានសរសេរអត្ថបទចុះផ្សាយចោទប្រកាន់លោកឧកញ៉ា ទៀ វិចិត្រ ថា បាននាំប្រេងគេចពន្ធចូលមកខេត្តព្រះសីហនុ។
ជុំវិញការចុះផ្សាយនេះ ឧកញ៉ា ទៀ វិចិត្រ តាមរយៈមេធាវីរបស់ខ្លួន បានស្នើឱ្យលោក ងិន វាសនា ចុះផ្សាយបកស្រាយបំភ្លឺឡើងវិញ។ ប៉ុន្តែលោកនាយកការផ្សាយរូបនេះ មិនបានចុះផ្សាយបំភ្លឺ ឬបកស្រាយឡើងវិញនោះទេ។ បន្ទាប់ពីមិនមានការបកស្រាយនេះ ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់មេធាវីលោកឧកញ៉ា ទៀ វិចិត្រ តែម្តង។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនអ្នកកាសែតទាំងពីររូបនេះ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់៕