(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនលំដាប់ពិភពលោក Buhler ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងហ្សូរិច ប្រទេសស្វីស គ្រោងវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) បំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្រូវអង្ករ និងធ្វើពិពធិកម្មការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារសាកលប្រកបដោយនិរន្តរភាព។
ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនអំពីសាវតា និងផលិតផលសំខាន់ៗរបស់ក្រុមហ៊ុន មានដូចជា អាហារកែច្នៃពីគ្រាប់ធុញ្ញជាតិ, ទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈបច្ចេកវិទ្យា។
លោក David Wang បានគូសបញ្ជាក់ថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីកែច្នៃផលិតផល, បង្កើតភាពជាដៃគូជាមួយអ្នកប្រើប្រាស់ និងពង្រឹងនិរន្តរភាពផលិតកម្ម ហើយនៅកម្ពុជា លោកគ្រោងវិនិយោគសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងក្តីសោមន្ស និងសាទរចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Buhler ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS) និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ព្រមទាំងគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រី បានបង្ហាញជំនឿមុតមាំថា នៅពេលការសាងសង់បញ្ចប់ គម្រោងនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លើសពីនេះ ឡសម្ងួតទាំងអស់ ក៏នឹងផ្តល់គុណប្រយោជន៍ធំធេងដល់ការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្មជាតិ ដែលនឹងរួមចំណែកលើកស្ទួយកិត្តិនាមរបស់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕