(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើ «សេចក្តីព្រាងច្បាប់ស្តីពី យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន» សម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលហៅកាត់ជាភាសាអង់គ្លេសថា «PPP» ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អ្នកវិនិយោគ, ក្រុមហ៊ុនមេធាវី, ព្រមទាំងសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ។
រដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានថ្លែងថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ មានគោលបំណងប្រមូលនូវធាតុចូលបន្ថែមទៀត ដើម្បីសម្រិតសម្រាំងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះឱ្យកាន់តែមានលក្ខណៈ គ្រប់ជ្រុងជ្រោយ, មានសង្គតិភាព និងអាចយកទៅអនុវត្តបាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ស្តីពី យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្លាយទៅជាក្របខ័ណ្ឌរួមមួយ សម្រាប់បង្កើតបរិយាកាសឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងយន្តការ PPP អាចចូលរួមដោយតម្លាភាព ស្មើភាព និងយុត្តិធម៌ ក្នុងគោលដៅប្រើប្រាស់ធនធានរបស់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ថា «សេចក្តីព្រាងច្បាប់នេះ មានគោលបំណងដោះស្រាយបញ្ហាទាំងឡាយ ពាក់ព័ន្ធនឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងការផ្តល់សេវាសាធារណៈ និងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ដើម្បីជំរុញការវិនិយោគឯកជន និងស្រូបយកនូវលំហូរទុនបន្ថែម ទាំងពីប្រភពមកពីក្រៅប្រទេស និងទាំងពីប្រភពក្នុងស្រុក»។
លោក វង្សី វិស្សុត បានលើកឡើងទៀតថា ការជំរុញឲ្យមានការអនុវត្តយន្តការ PPP គឺបានចង្អុលបង្ហាញនៅក្នុងមុំទី៣ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ លោកបានបន្តថា តម្រូវការធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន និងការវិនិយោគសាធារណៈលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅទ្រទ្រង់កំណើន និងផលិតភាពសេដ្ឋកិច្ច សម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ នឹងមានទំហំធំធេងណាស់ ហើយរដ្ឋមិនអាចរ៉ាបរងការចំណាយនេះដោយថវិកាជាតិទាំងស្រុងបានឡើយ។ ដូចនេះកម្ពុជាត្រូវការគៀរគរធនធានបន្ថែមពីវិស័យឯកជន ដើម្បីសម្រាលបន្ទុកចំណាយថវិកាជាតិ។ ទន្ទឹមនឹងនេះ វិស័យឯកជនក៏អាចនឹងនាំមកនូវប្រសិទ្ធភាព, នវានុវត្តន៍, ចំណេះដឹង និងចំណេះធ្វើ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព និងផលិតភាព ហើយមានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
លោក វង្សី វិស្សុត ថា សេចក្តីព្រាងច្បាប់នេះ គ្រោងនឹងមានវិសាលភាពគ្របដណ្តប់លើរាល់កិច្ចសន្យា PPP ទាំងឡាយដែលបានចុះរវាងភាគីរដ្ឋ និងភាគីឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាធារណៈ និង/ឬ ផ្ដល់សេវាសាធារណៈ ហើយនឹងអាចជំនួសច្បាប់ស្តីពីសម្បទាន ស្របទៅតាមស្ថានភាពនៃការវិវត្តន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក៏ដូចជានិន្នាការពិភពលោក និងតំបន់។ ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ នឹងមិនមានវិសាលភាពគ្របដណ្តប់លើច្បាប់ស្តីពីការវិនិយោគទេ តែសេចក្តីព្រាងច្បាប់នេះនឹងជួយបំពេញឱ្យគ្នាទៅវិញទៅមក។ ជារួមសេចក្តីព្រាងច្បាប់នេះ នឹងស្នើឱ្យមាន៖ ទី១.ការរៀបចំបង្កើតយន្តការស្ថាប័ន និងកំណត់ការទទួលខុសត្រូវ ដើម្បីគ្រប់គ្រងគម្រោង PPP ជាលក្ខណៈប្រព័ន្ធ ទី២.ការរៀបចំបង្កើតក្របខ័ណ្ឌ សម្រាប់រៀបចំ អនុវត្ត និងតាមដានគម្រោង PPP, ទី៣.ការរៀបចំបង្កើតនីតិវិធីកិច្ចលទ្ធកម្មសម្រាប់គម្រោង PPP និង ទី៤.ការកំណត់យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ ការលើកទឹកចិត្តវិនិយោគ និងកាតព្វកិច្ចដទៃទៀតរបស់រដ្ឋ សម្រាប់គម្រោង PPP៕