(កណ្តាល)៖ នគរបាលច្រកទ្វារអន្ដរជាតិក្អមសំណរ និងបក្ខពួកសរុប៤នាក់ ដែលលាយថ្នាំឲ្យនារីខារ៉ាអូខេផឹក បណ្ដាលឲ្យស្លាប់ និងពុល ពាក់ព័ន្ធការប្រើថ្នាំញៀន ត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលហើយ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្តទៀត។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា «សង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង បានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាលហើយ ដើម្បីបន្តនីតិវិធី»។
មន្ដ្រីនគរបាលច្រកទ្វារអន្ដរជាតិក្អមសំណរ និងបក្ខពួកសរុប ៤នាក់ ត្រូវបានសមត្ថកិច្ចអះអាងថា ក្រុមនគរបាលទាំងនេះ មានការប្រើប្រាស់ថ្នាំញៀនទៀតផង។
ករណីនេះ ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការស៊ើបអង្កេត ហើយឈានទៅដល់ការចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះមន្ដ្រីនគរបាលដែលប្រព្រឹត្តទោស កំហុសមួយនេះ។
ការងារស៊ើបអង្កេត និងប្រតិបត្តិការបាននិងកំពុងប្រព្រឹត្តទៅក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងសហការជាមួយនគរបាល នៅក្នុងប្រទេសវៀតណាមទៀតផង ពាក់ព័ន្ធទៅនឹងការសួរនាំ ក៏ដូចជា ការធ្វើកោសល្យវិច្ឆ័យផ្សេងៗ ទៅលើនារីរងគ្រោះ។
តាមការបញ្ជាក់ជាជំហ៊ានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថា ថ្នាំដែលក្រុមជនសង្ស័យដាក់លាយនៅក្នុងស្រា បណ្ដាលឲ្យជនរងគ្រោះផឹកនោះ គឺជាប្រភេទថ្នាំក្រវី ប៉ុន្ដែបានប្រតិកម្មបណ្ដាលនារីម្នាក់ បានស្លាប់ និង៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។
សូមបញ្ជាក់ថា កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ក្រោយមានករណីនារីបម្រើការងារនៅទីនោះបានស្លាប់ម្នាក់ និងធ្លាក់ខ្លួនឈឺចំនួន៣នាក់ ដោយសារតែត្រូវបានមន្រ្តីនគរបាល ច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកចំនួន៥នាក់ បានលាយថ្នាំជាមួយស្រា ឲ្យពួកនាងៗផឹក អមដោយអំពើហិង្សាផងដែរ។
ហាងខារ៉ាអូខេ «ម៉ីម៉ី» ស្ថិតនៅស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល និងបានកើតឡើងនៅបន្ទប់លេខ «៧៧៧៧»។
យោងតាមព័ត៌មានពីភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នំា ស្លាប់
*ទី២៖ ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ កំពុងសង្គ្រោះបន្ទាន់
*ទី៣៖ ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ រងគ្រោះ
*ទី៤៖ ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ រងគ្រោះ។
ដោយឡែកជនសង្ស័យចំនួន ៥នាក់រួមមាន៖
*ទី១៖ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន)
*ទី២៖ ឈ្មោះ ចន្រ្តា វណ្ណះ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ កែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរកម្មករ (ឃាត់ខ្លួន)
*ទី៥៖ ឈ្មោះ វណ្ណា អាយុ២៩ឆ្នំា មុខរបររត់តាក់ស៊ី (គេចខ្លួន)។
តាមសេចក្តីរាយការណ៍បានបន្តថា ក្រោយចុះឆែកឆែរកម្លាំងសមត្ថកិច្ច បានដកហូត វត្ថុតាងរួមមាន៖ ថ្នាំម្សៅពណ៌សស្រអាប់ ០១កញ្ចប់តូច, ដបទឹកមាន បន្សល់ទឹកថ្នាំពណ៌លឿង និងសំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១)។
តាមដំណើររឿង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេ នៅហាង «ម៉ីម៉ី» បន្ទប់លេខ «៧៧៧៧» ដោយមាននារីកំដរចំនួន ០៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន ២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហើយលាយគ្នារួចឲ្យគ្នីគ្នាចាក់ចូលកែវតូចៗ ឲ្យនារីកំដររៀងៗខ្លួនផឹក បានជា ៥ ទៅ ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច រហូតដល់ការឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកទៅសួរនាំបន្តទៀត៕