(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានជំរុញឲ្យក្រុមប្រឹក្សាស្រុកពារំាង អាណត្តិទី៣ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះប្រទេសជាតិ និងប្រជាជន ស្របតាមគោលការណ៍នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបន្តដឹកនាំនៅក្នុងមូលដ្ឋាននៃស្រុកពារាំង ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
លោក ស្បោង សារ៉ាត់ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ប្រកាសចូលកាន់ដំណែង ជាក្រុមប្រឹក្សាស្រុកពារំាង អាណត្តិទី៣ ចំនួន ២១រូប។ ពិធីនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រៃវែង សមាជិកក្រុមប្រឹក្សាឃុំ សរុប២២២នាក់។
លោក ស្បោង សារ៉ាត់ បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបានរៀបចំការបោះឆ្នោត គឺដើម្បីបង្កើតក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ អំណាច ធនធាន និងសិទ្ធិស្វ័យសម្រេច សមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និងលើកកម្ពស់ការចូលរួម ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនសំដៅកាត់បន្ថយភាពក្រីក្រ។
លោកបានបន្តថា ក្រុមប្រឹក្សាស្រុក ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ សម្រាប់មូលដ្ឋាន ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន ដោយធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋានឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា យោងតាមអនុក្រិត្យរបស់រាជរាដ្ឋាភិបាល ប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកពារាំងក្នុងអាណត្តិទី៣ ចំនួន២១រូប ដែលក្នុងនោះលោក ឈុន សារ៉ាត់ ជាប្រធានក្រុមប្រឹក្សាស្រុកពារាំង និង លោក លោកស្រីចំនួន២០រូបផ្សេងទៀត ជាសមាជិកក្រុមប្រឹក្សាស្រុកពារាំង៕