(ភ្នំពេញ)៖ អ្នកសារព័ត៌មានអាជីពចំនួន៨នាក់មកពីស្ថាប័នផ្សេងៗគ្នានឹងចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសរសេរព័ត៌មានបរិស្ថានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមហ៊ុនរថយន្ត Mercedes-Benz ស្ថិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ។ ទីភ្នាក់ព័ត៌មានបារាំង CFI សហការជាមួយសារព័ត៌មាន Thmeythmey (ថ្មីៗ) បានសម្រិតសម្រាំងជ្រើសរើសអ្នកសារព័ត៌មានអាជីពដែលមានពិសោធន៍ការងារច្រើនឆ្នាំទាំង៨នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃគម្រោងការអភិវឌ្ឍន៍ផ្នែកព័ត៌មានតំបន់មេគង្គដោយចីរភាព (Mekong: Sustainable News)។ អ្នកសារព័ត៌មានទាំង៨នាក់នេះ នឹងទទួលបានចំណេះដឹងផ្នែកបរិស្ថានបែបវិទ្យាសាស្ត្រ និងចំណេះដឹងវិធីសាស្ត្របង្រៀន (គរុកោសល្យបង្រៀន)។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយគ្រូជំនាញកម្ពុជា និងបារាំង អ្នកសារព័ត៌មានអាជីពទាំង ៨នាក់នឹងក្លាយទៅជាគ្រូបង្គោលផ្នែកសរសេរព័ត៌មានបរិស្ថានតំបន់មេគង្គប្រចាំកម្ពុជា ដើម្បីបន្តទៅបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងអ្នកបរិស្ថានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (sustainable development goals: https://sustainabledevelopment.un.org/?menu=1300 ) របស់អង្គការសហប្រជាជាតិ។
អ្នកសាព័ត៌មានអាជីពទាំង ៨នាក់នោះ រួមមាន៖
១. លោក ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយទូរទស្សន៍អប្សារា។ លោកធ្លាប់បម្រើការងារជាអ្នកកាសែតអាជីពជិត២០ឆ្នាំ។
២. លោក មៃ ទិត្យថារ៉ា និពន្ធនាយករង នៃកាសែតខ្មែរថែមស៍ (Khmer Time)។ លោកមានបទពិសោធជាង ១០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ លើសពីនេះ លោកបានទទួលពានរង្វាន់ឆ្នើមផ្នែកព័ត៌មានស៊ើបអង្កេតនៅលើឆាកអន្តរជាតិ។
៣. លោក សយ សុភា និពន្ធនាយក នៃសារព័ត៌មានដើមអម្ពិល (DAP)។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានជាង ១០ឆ្នាំ នៅក្នុងស្ថាប័នព័ត៌មានល្បីៗ ដូចជា វិទ្យុអូស្ត្រាលីជាខេមរៈភាសា CNN online, Asahi Shimbun និងទូរទស្សន៍ Reuters ជាដើម។
៤. កញ្ញា អ៊ឹម រចនា និពន្ធនាយករង នៃវិទ្យុបារាំងជាខេមភាសា (RFI)។ កញ្ញាមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៩ឆ្នាំ។
៥. កញ្ញា ខន ចំប៉ា និពន្ធនាយករង នៃសារព័ត៌មានថ្មីៗ (Thmey Thmey)។ កញ្ញាមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៦ឆ្នាំ។
៦. លោក វ៉ាន់ សារ៉ាយ និពន្ធនាយករងនៃសារព័ត៌មានហ្វ្រសញ៊ូវ (Fresh News)។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
៧. លោក ស៊ុន សុខេន និពន្ធនាយក នៃសារព័ត៌មាន VOD។ លោកមានបទពិសោធន៍ការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
៨. លោក រឿន ភារុន អតីតជាអ្នកសារព័ត៌មាន និងជាបុគ្គលិកនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
លោក Pierre Gillette សាស្ត្រាចារ្យសារព័ត៌មាននៃវគ្គបណ្តុះបណ្តាលក្នុងគម្រោង Mekong: Sustainable News បានថ្លែងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះមានគោលដៅពង្រឹងសមត្ថភាពអ្នកសារព័ត៌មានអាជីពរបស់កម្ពុជាឱ្យមានជំនាញបង្កើតមេរៀនបង្រៀន, គរុកោសល្យបង្រៀន, ការដឹកនាំថ្នាក់ និងការផលិតព័ត៌មានបរិស្ថានបែបឌីជីថលដែលផ្តោតលើការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) នៅតំបន់មេគង្គឱ្យកាន់តែស៊ីជម្រៅ។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១០ថ្ងៃ។ គ្រូបង្គោលទាំងអស់នឹងស្វែងយល់កាន់តែច្បាស់អំពី ព័ត៌មានបរិស្ថានក្នុងតំបន់មេគង្គ រួមមាន ការរាយការណ៍ព័ត៌មានបរិស្ថានបែបវិទ្យាសាស្ត្រ ការបាត់បង់គម្របព្រៃឈើ បញ្ហាសំរាមនៅក្នុងទីក្រុង និងបញ្ហានៅតាមតំបន់ឆ្នេរជាដើម។
សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ទីភ្នាក់ព័ត៌មានបារាំង CFI ដែលទទួលបានការគាំទ្រមូលនិធិអនុវត្តគម្រោងពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅក្នុងប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕