(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានបន្តប្រតិបត្តិការចុះបង្ក្រាបក្នុងកាស៊ីណូឡាក់គី ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀនចំនួន ៥នាក់ មេកា២នាក់ បុគ្គលិក ៤នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១៤៤នាក់ រូមទាំងវត្ថុតាងមួយចំនួនធំ ស្ថិតនៅក្នុងខ្នែងកាស៊ីណូឡាក់គី ភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ និងធ្វើការសម្របសម្រួលយ៉ាងម៉ត់ចត់ពីព្រះរាជអាជ្ញា។
លោកស្នងការខេត្តបន្តថា «កម្លាំងនគរបាលយើងបានធ្វើការបង្ក្រាប ដកហូតបានវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ៤៥គ្រាប់ និងគ្រឿងញៀនប្រភេទមេតំហ្វេតាមី ICE ចំនួន ៦កូនថង់តូច និងអ្នកចែកចាយគ្រឿងញៀនចំនួន ៥នាក់ មេកា២នាក់ បុគ្គលិក៤នាក់ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៤៤នាក់ ហើយនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់»។
គួរបញ្ជាក់ដែរថា នៅចំណុចកាស៊ីណូឡាក់គីខាងលើនេះ ជាកន្លែងអនាធិបតេយ្យ សំបូរទៅដោយក្មេងស្ទាវ បងតូច បងធំ កាប់ចាក់ ទោះកន្លងមកទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលធ្វើការបង្ក្រាប ជាញឹកញាប់យ៉ាងណាក៏ដោយ តែពលរដ្ឋនៅតែមានការព្រួយប្រារម្ភ ពីសុវត្ថិភាពរបស់ពួកគាត់៕