(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅជុំវិញផ្សារត្រពាំងក្រឡឹង និងតាមបណ្តាស្តង់នានា ស្ថិតក្នុងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងនោះ ក្រុមការងារបានធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដែលវេចខ្ចប់ស្រាប់ ក្នុងបំណងដើម្បីស្វែងរកទំនិញខូចគុណភាពច្រេះស៊ី ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។
ជាមួយគ្នានេះ ក្រុមការងារពុំបានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ឡើយ ដោយសារតែបងប្អូនក្រុមអាជីវករបានស្វែងច្បាស់ពីសុខភាព ប៉ុន្តែក្រុមការងារបានធ្វើការដកហូតមេឡេលាបស្បែកសរុបចំនួន ៣.៥ គីឡូក្រាម ដែលមិនមានស្លាកសញ្ញា និងកំណត់ការប្រើប្រាស់ច្បាស់លាស់។
ក្រុមការងារមន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់ក្រុមអាជីវករ និងអ្នកប្រើប្រាស់ចំណីអាហារឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារផងដែរ៕