(តាកែវ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅឃុំដូងខ្ពស់ ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក Wang Hua អគ្គលេខាធិការរងនៃមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ក្នុងពិធីសម្ពោធសមិទ្ធផលអណ្តូងទឹកស្អាតចំនួន ២០០ ក្រោមជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់មូលនិធិ CFPD ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ មន្រ្តីចំណុះសាលាស្រុក ប្រជាជនមូលដ្ឋាន យុវជន និងសិស្សានុសិស្សសរុបប្រមាណជាង ៥០០នាក់។
នៅក្នុងឱកាសនោះ លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយឧបត្ថម្ភរបស់មូលនិធិ CFPD សម្រាប់ការសាងសង់អណ្តូងទឹកស្អាតនៅក្នុងស្រុកបាទី ១១៨អណ្តូង និងស្រុកបូរីជលសារ ៨២អណ្តូង សរុប ២០០អណ្តូង ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលជាផ្នែកមួយនៃការជំរុញការតភា្ជប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ស្របតាមយុទ្ធសាស្រ្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះមូលនិធិ CFPD និងស្ថានទូតចិនប្រចាំកម្ពុជា ដែលតែងតែគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានាដែលផ្តួចផ្តើមដោយ វ.ស.ស. និងជួយកៀរគរស្វែងរកអង្គការដៃគូនៅប្រទេសចិនឱ្យជួយឧបត្ថម្ភសម្រាប់ការអនុវត្តគម្រោងជាក់ស្តែងនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ សំដៅលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។