(កោះកុង)៖ ស្របពេលជំងឺគ្រុនឈាមហាក់វាយប្រហារខ្លាំង នៅប្រទេសកម្ពុជានោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានរោគសញ្ញាជំងឺគ្រុនឈាម ត្រូវឆាប់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបង្រៀនពីរោគសញ្ញានៃគ្រុនឈាម ដែលជំងឺគ្រុនឈាមនៅតែមានអាត្រាខ្ពស់។
លោកថ្លែងបញ្ជាក់ថា «ជំងឺគ្រុនឈាមគ្រោះថ្នាក់ណាស់ ដូច្នេះមន្ត្រីមន្ទីរពេទ្យត្រូវវិនិច្ឆ័យរោគសញ្ញាឲ្យច្បាស់ និងព្យាបាលឲ្យរហ័សបំផុត។ ចំពោះសេវាឯកជន បើដឹងថាអ្នកជំងឺ មានមានរោគសញ្ញាគ្រុនឈាមហើយ គឺត្រូវបញ្ជូនគាត់មកមន្ទីរពេទ្យជាបន្ទាន់ មិនត្រូវទុកនៅសេវាឯកជនរបស់ខ្លួនឡើយ ព្រោះមន្ទីរពេទ្យយើងមានក្រុមគ្រូពេទ្យជំនាញៗ និងឧបករណ៍ទំនើបៗ អាចព្យាបាលបានជាសះស្បើយ»។
លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានបញ្ជាក់បន្តថា ក្នុងអាត្រារយៈពេលប៉ុន្មានខែនេះ អាត្រាគ្រុនឈាមមានរហូតជាង៣០០ករណី ហើយមានគ្រោះថ្នាក់បាត់បងជីវិតចំនួន២នាក់ ក្មេងម្នាក់ មនុស្សចាស់ អាយុ៨៨ឆ្នាំម្នាក់ ពុំអាចជួយសង្គ្រោះទាន់ពេលវេលា។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា ក្នុងការផ្សព្វផ្សាយថ្ងៃនេះ ចង់ជំរុញឲ្យក្រុមគ្រូពេទ្យ និងសេវាឯកជន ត្រូវចេះតាមដាន និងព្យាបាលជំងឺនេះ ឲ្យបានជាមិនបណ្តោយ ឲ្យអ្នកជំងឺគ្រោះថ្នាក់ឡើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា សិក្ខាសាលាការផ្សព្វផ្សាយអប់រំ និងការនង្រៀនដល់បុគ្គលិកមន្ត្រីពេទ្យ និងសេវាសាធារណៈឲ្យយល់ដឹង ពីបញ្ហាជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម នៅក្នុងខេត្តកោះកុងក្នុងរយៈពេលប៉ុន្មានខែនេះ មានរហូតដល់៣០០ជាងករណី ហើយជំងឺគ្រុនឈាមមកពីគ្រប់ទីកន្លែង តាមកោះ តាមស្រុក និងតំបន់ផ្សេងៗ ដូច្នេះមន្ទីរសុខាភិបាល ដើម្បីអនុវត្តន៍គោលនយោបាយ របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលបានចុះប្រតិបត្តិការ ដើម្បីការពារជំងឺគ្រុនឈាម។
លោកបានបញ្ជាក់បន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវរៀបចំ២កន្លែងរួមមាន៖
១៖ សិក្ខាសាលានៅមន្ទីរពេទ្យបង្អែកខេត្ត
២៖ សិក្ខានៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល ហើយយុទ្ធនាការចាញ់ថ្នាំបង្កានៅតែបន្តរហូតគ្រប់ស្រុក៕