(ភ្នំពេញ)៖ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលើកឡើងថា ទោះបីបច្ចុប្បន្ននេះតម្លៃជ្រូករស់នៅកម្ពុជាកើនឡើងក្ដី ប៉ុន្ដែប្រជាកសិករដែលប្រកបរបរចិញ្ចឹមជ្រូក នៅតែមិនមានក្ដីទុកចិត្តទៅលើការពង្រីកការចិញ្ចឹមឡើយ ដោយសារតែប្រជាកសិករភ័យខ្លាចអំពី ជំងឺប៉េស្តអាហ្វ្រិកដែលបច្ចុប្បន្នកំពុងកើតលើសត្វជ្រូកក្នុងប្រទេសវៀតណាម និងរាលដាលដល់ខេត្តមួយរបស់កម្ពុជា។
កាលពីមិនទាន់ផ្ទុះរឿងជំងឺប៉េស្ដអាហ្វ្រេក តម្លៃជ្រូករស់ចន្លោះពី៨ពាន់ទៅ១ម៉ឺនរៀលក្នុង១គីឡូ ប៉ុន្ដែបន្ទាប់ពីបិទមិនឲ្យនាំចូលជ្រូកពីវៀតណាម តម្លៃជ្រូកក៏មានការឡើងថ្លៃ ប៉ុន្ដែមិនថ្លៃប៉ុន្មាននោះទេ ជាមធ្យម១១០០០រៀលក្នុងគីឡូក្រាម។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះលោក ស៊្រុន ពៅ បានឲ្យដឹងថា «បច្ចុប្បន្ននេះអ្នកដែលមានរបរចិញ្ចឹមជ្រូករស់នេះគឺ មិនបានពង្រីកការចិញ្ចឹមឡើយ មានតែបង្រួមការចិញ្ចឹមមិនថា ប្រជាកសិករ, ក្រុមហ៊ុន និងកសិដ្ឋានធំៗឡើយ ដោយសារតែពួកគេនៅតែភ័យខ្លាចអំពីជំងឺប៉េស្ដអាហ្វ្រិកនេះ»។
លោកបន្ដថា «ជំងឺបេស្ដអាហ្រ្វិកនេះ សាហាវខ្លាំងណាស់ បើជំងឺនេះកើតលើជ្រូកមួយក្បាលនោះ ជ្រូកក្នុងមួយកសិដ្ឋានត្រូវតែរលាយ (ស្លាប់) ទាំងអស់ ដូច្នេះហើយបានជាប្រជាកសិករ, ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានមិនហ៊ានចិញ្ចឹម និងមិនហ៊ានពង្រីកក្នុងការចិញ្ចឹម»។
លោកបានបន្ដថា កត្តាខាងលើនេះហើយ ដែលធ្វើឲ្យតម្លៃជ្រូកកើនឡើង ប៉ុន្ដែមិនមានអ្នកចិញ្ចឹមច្រើន ឬពង្រីកក្នុងការចិញ្ចឹម ហើយនេះជាមូលហេតុដែលធ្វើឲ្យកម្ពុជាមិនមានសាច់ជ្រូក ផ្គត់ផ្គង់គ្រប់គ្រាន់លើទីផ្សារ និងតម្រូវឲ្យនាំចូលពីប្រទេសថៃ ដោយក្នុង១ថ្ងៃនាំចូល១ពាន់ក្បាល ឬ១.៥ពាន់ក្បាល។
លោកបញ្ជាក់ថា ប្រសិនបើជំងឺបេស្ដអាហ្រ្វិកនេះនៅតែបន្ដ ជ្រៀតចូលមកតាមច្រកព្រំដែនកម្ពុជា នោះកម្ពុជានឹងអាចប្រឈមមុខនឹងការខ្វះខាតជ្រូក ព្រមទាំងបន្ដនាំជ្រូកចូលពីប្រទេសថៃបន្ថែមទៀត។
សូមជម្រាបថា បន្ទាប់ពីផ្ទុះជំងឺបេស្ដអាហ្វ្រិកនៅវៀតណាមមក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក មិនឲ្យនាំចូលជ្រូកពីវៀតណាមមកកម្ពុជាឡើយ ដោយសារតែការពារកុំឲ្យជំងឺនេះឆ្លងដល់ជ្រូកនៅកម្ពុជា។
បើយោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល៕