(ភ្នំពេញ)៖ លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា បានថ្លែងថា វិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន បានចូលរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង ឥណទានគ្មានការប្រាក់ ឥណទានសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។
លោកអះអាងបន្តថា បើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខខណ្ឌពីប្រទេសចិនទេ នោះកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ក៏មិនអាចមានជោគជ័យដូចថ្ងៃនេះដែរ។
អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកទទួលជួបសវនាការជាមួយនឹង លោក WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនៅវិមានព្រឹទ្ធសភា លោក ទេព ងន បានថ្លែងថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុតសម្រាប់គ្នាទៅវិញទៅមក ហើយបើគ្មានការគាំទ្រដោយសប្បុរស និងដោយគ្មានលក្ខខណ្ឌពីប្រទេសចិនទេ នោះកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ក៏មិនអាចមានជោគជ័យដូចថ្ងៃនេះដែរ ហើយការរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត ក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្រពីប្រទេសចិនបានឡើយ។
លោក ទេព ងន បានកត់សម្គាល់ថា ប្រទេសកម្ពុជា កំពុងទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ស្តែងពីគោលនយោបាយទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើងនៅអំឡុងឆ្នាំ២០២២ និងការរីកចម្រើននៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស ហើយ ប្រទេសកម្ពុជាក៏ទទួលបានផលប្រយោជន៍ដ៏ធំធេង សម្រាប់ការអភិវឌ្ឍប្រទេសពីក្របខណ្ឌអាស៊ាន-ចិន អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡាងឆាង។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ាន ហើយនៅឆ្នាំ២០២០ខាងមុខ អាស៊ាន-ចិន និងសម្រេចគោលដៅពាណិជ្ជកម្មទៅវិញទៅមកចំនួនមួយពាន់ពាន់លានដុល្លារ (១ទ្រ៊ីលាន) និងការវិនិយោគទៅ វិញទៅមកកើនដល់១៥០ ប៊ីលានដុល្លារ ។
អនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំសា្ថប័ន និងគណៈកម្មការជំនាញនៃសភានៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ជារៀងរាល់ឆ្នាំ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺមានសារៈសំខាន់ និងស្របពេលដែលប្រទេសទាំងពីរ អបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ក្នុងរយៈពេល ៦១ ឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរបានឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកៗជាច្រើន ដើម្បីឯករាជភាព អធិបតេយ្យភាព កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងមានប្រវត្តិជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអន្តរជាតិ។
លោក WAN Gang បានបញ្ជាក់ដែរថា ឆ្នាំនេះគឺជាឆ្នាំគ្រប់ខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជាខួបលើកទី៦១ នៃការបង្កើតនូវទំនាក់ទំនងការទូតរវាងប្រទេសចិន-កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន។ ប្រទេសទាំងពីរបានប្រារព្ធនូវទំនាក់ទំនងការទូត រយៈពេល៦១ឆ្នាំ ហើយក្នុងពេលនេះប្រទេសទាំងពីរគឺបានគោរពគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក។ តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីជំរុញនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
លោក WAN Gang បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយចិនតែមួយ គាំទ្រប្រទេសចិននៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។ លោកក៏បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សាបានូវអត្រាកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧% និងមានភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ៕