(ភ្នំពេញ)៖ បន្ទាប់ពីអះអាងនៅក្នុងសវនាការអំពីការសុំទោស ដល់អង្គភាពព័ត៌មាន Fresh News ហើយនោះ, នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ផែង វណ្ណៈ ដែលទើបតែចេញពីពន្ធនាគារ បានសរសេរលិខិតសុំទោសជាផ្លូវការ ចំពោះការនិយាយតាម Facebook ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបណ្តាញព័ត៌មាន Fresh News កន្លងទៅ។
តាមរយៈលិខិតដែលផ្ញើមកកាន់លោក លឹម ជាវុត្ថា អគ្គនាយកសារព័ត៌មាន Fresh News នៅថ្ងៃនេះ,
លោក ផែង វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមជំរាបជូនលោកអគ្គនាយក ឱ្យបានជ្រាបថា ដោយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ខ្ញុំបាទបាននិយាយតាមបណ្តាញសង្គម Facebook នាំឱ្យប៉ះពាល់ដល់អង្គភាពសារព័ត៌មាន Fresh News ដែលនាំឱ្យមហាជនមានការយល់ច្រលំ។ អាស្រ័យហេតុនេះខ្ញុំបាទសុំទោសចំពោះកំហុសឆ្គងនេះ»។
លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញា ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។
ក្រោយពេលអនុវត្តទោសបាន២ខែកន្លះតាមសេចក្តីសម្រេចរបស់តុលាការហើយនោះ លោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែង ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះវិញផងដែរ៕