(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន។
IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។
ការសិក្សាជំនាញ IT Passport ត្រូវបានធ្វើឡើងយៈពេល៣សប្តាហ៏ ស្មើនឹង៤៥ម៉ោង ដោយវគ្គដំបូងចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ វេនសិក្សា គឺរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៥៖៣០នាទីល្ងាច ដល់ម៉ោង ៨៖៣០នាទីយប់ ដែលមានទីតាំងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងជាប់ថ្នាក់ជាតិធំបំផុតមួយនៅក្នុងប្រទេសជប៉ុន ដោយមានបេក្ខជនប្រឡងប្រមាណ៦០០,០០០នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិក នៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដង ក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។
អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ITEE រួមមាបដូចជា៖
១៖ ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
២៖ ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដទៃទៀត នៅក្នុងប្រទេសកម្ពុជា
៣៖ ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឱកាសការងារ នៅអាស៊ាន និងជប៉ុន
៤៖ សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
៥៖ ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ៕
ព័ត៌មានលម្អិតចុចទីនេះ៖ https://niptict.edu.kh/what-itee/