(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនម្ចាស់រថយន្ដម៉ាក TOYOTA PRIUS ដែលបុកម៉ូតូកង់បីឥណ្ឌាម៉ាក BAJAJ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រង់ចំណុចមុខ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ នេះបើតាមបញ្ជាក់របស់ លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ប្រាប់មកអង្គភាពព័ត៌មាន Fresh News។
បើតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ភាគីរថយន្តម៉ាក៖ TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-0723 (បានបង្ហាញបណ្ណសម្គាល់យាន និងមិនបានបង្ហាញប័ណ្ណបើកបរ) បើកបរដោយឈ្មោះ HAN LIZHU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG0066063 ចុះថ្ងៃទី១៩-០៤-២០១៩ មានសុពលភាពដល់ថ្ងៃទី១៨-០៤-២០១៩ ស្នាក់នៅខុនដូ បន្ទប់លេខ១០០៩ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែក ភាគីម៉ូតូម៉ាក៖ BAJAJ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1AD-0827 (មិនបានបង្ហាញបណ្ណសម្គាល់យាន) បើកបរដោយឈ្មោះ ឡឺន សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសធ្ងន់) និងដឹកអ្នកដំណើរឈ្មោះ ដា សីហា ភេទប្រុសអាយុ២៥ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ប៉ែន ឃុន បានបញ្ជាក់ទៀតថា ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ ពិនិត្យស្លាកស្នាមយានយន្ត និងចម្លើយអ្នកបើកបររថយន្ត អាចសន្និដ្ឋានបានថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ មកពីរថយន្ត បើកបរលឿនខ្ជីខ្ជាធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២៣៖៣០នាទី ត្រង់ចំណុចមុខ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយសាររថយន្តម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-0723 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូកង់បីឥណ្ឌា១គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1AD-0827 ៕