(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅម្យ៉ាងទៀតថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៩នេះ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍ក្នុងសំណុំរឿង ០០៤/២ ដែលមានជនត្រូវចោទឈ្មោះ អោ អាន។ សវនាការនេះបានបើកជាសាធារណៈ រយៈពេលជាង៣០នាទី ហើយបន្ទាប់មកបានដំណើរការសវនាការជាអសាធារណៈ។ នេះបើតាម លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។
លោកបានថ្លែងថា សវនាការលើបណ្តឹងឧទ្ទរណ៍នេះ នឹងគ្រោងធ្វើបន្តជាអសាធារណៈ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បន្តទៀត មុននឹងអង្គបុរេជំនុំជម្រះចេញសាលដីកាថា តើជនត្រូវចោទរូបនេះត្រូវបញ្ជូនទៅជំនុំជម្រះ ឬត្រូវលើកលែងការចោទប្រកាន់នៅចំពោះមុខអង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨
បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីការពារក្តីជនត្រូវចោទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ជនត្រូវចោទ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នៅក្នុងសំណុំរឿង ០០៤/២។
លោកបានលើកឡើងថា សហព្រះរាជអាជ្ញាជាតិ សហព្រះរាជអាជ្ញាអន្តរជាតិ និងសហមេធាវីជាតិ
-អន្តរជាតិការពារក្តីជនត្រូវចោទ នឹងមានសិទ្ធិលើកឡើងពីទឡ្ហីករណ៍របស់ខ្លួន។ នៅពេលបិទបញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងប្រើរយៈពេលមួយចំនួន ដើម្បីធ្វើការពិចារណា និងចេញសាលដីកាសម្រេចលើបណ្តឹងឧទ្ធរណ៍នេះ។
សូមបញ្ជាក់ថា អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក មានសមាសភាពចៅក្រមជាតិចំនួន៣រូប និងចៅក្រមអន្តរជាតិចំនួនពីររូប។ ក្នុងនាមជាអង្គជំនុំជម្រះដោះស្រាយបណ្តឹងឧទ្ធរណ៍ អង្គបុរេជំនុំជម្រះ អាចបើកសវនាការលើសំណើ និងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា និងសេចក្តីសម្រេចដែលចេញដោយសហចៅក្រមស៊ើបអង្កេត។
សូមគូសបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់អំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុតឬទេ។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋ ផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។
ចំណែកសហចៅក្រមស៊ើបអង្កេតជាតិ ពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទគឺមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយុ្យ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវយកមកជំនុំជម្រះក្តីឡើយ ហើយសម្រេចលើកលែងចោទប្រកាន់លើ អោ អាន ដោយហេតុផលនោះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សវនាការនៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ នេះមិនមែនជាសវនាការលើអង្គហេតុទេ ប៉ុន្តែជាសវនាការ ដើម្បីអង្គបុរេជំនុំជម្រះស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង មុនពេលដែលអង្គបុរេជំនុំជម្រះចេញសាលដីកាលើបណ្តឹងឧទ្ធរណ៍ទាំងនោះថា តើជនត្រូវចោទរូបនេះត្រូវបញ្ជូនទៅជំនុំជម្រះ ឬត្រូវលើកលែងការចោទប្រកាន់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕