(តាកែវ)៖ វាជារឿងនឹកស្មានមិនដល់មួយដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួស (កំប្រេស) ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យស្រ្តីជាអ្នកជំងឺ មានឈាមហូធ្លាក់ច្រើន ហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។
លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួនចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យកជនក្នុងឃុំ ត្រូវពេទ្យពិនិត្យឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកតែហូឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារក៏បានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
បុរសជាប្ដីស្រ្តីរងគ្រោះ បានអះអាងថា នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសំរាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរ។
ពាក់ព័ទ្ធទៅនិងការបង្កើតកូនភ្លេចយកបង់រុំរបួសនៅក្នុងស្បួនស្រ្តីឆ្លងទន្លេ លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ថា មន្ទីរកំពុងតែធ្វើការស្រាវជ្រាវ ហើយនៅថ្ងៃនេះអាចនឹងដឹងរឿងប្រាកដ ហើយបើពិតដូចជាការបង្ហោះរបស់បុរសជាប្ដីស្រីរងគ្រោះ មន្ទីរមានវិធានការទៅលើគ្រូពេទ្យដែលធ្វើការធ្វេសប្រហែស៕