(សៀមរាប)៖ កិច្ចប្រជុំក្រុមការងារ កូដិចអាស៊ាន លើកទី១៩ (The 19th Meeting of the ASEAN Task Force on Codex) ត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Apsara Palace Resort and Conference Center ក្រុងសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកអាស៊ាន ចំនួន ៧ប្រទេសបានចូលរួម និងតំណាងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជា រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ប្រទេសកម្ពុជា ដែលមានអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ជាចំណុចទំនាក់ទំនងកូដិចជាតិ ត្រូវបានធ្វើជាម្ចាស់ផ្ទះប្តូរវេន ក្នុងការដឹកនាំកិច្ចប្រជុំ ក្រុមការងារកូដិច អាស៊ានលើកទី១៩នេះ។
លោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលជាប្រធានកិច្ចប្រជុំថ្នាក់អាស៊ាននេះ ក្នុងឱកាសបើកកិច្ចប្រជុំ បានថ្លែងថា ស្តង់ដារម្ហូបអាហារអាស៊ាន គឺជាក្រម ឬជាឯកសារយោង សម្រាប់បណ្តាប្រទេសសមាជិកអាស៊ាន យកមកអនុវត្តតែជាស្តង់ដារស្ម័គ្គចិត្ត មិនមែនជាស្តង់ដារ ចាប់បង្ខំត្រូវតែអនុវត្តនោះទេ។ នៅពេលដែលបណ្តាប្រទេសអាស៊ានណាមួយ មិនទាន់មានស្តង់ដារជាតិ ទៅលើមុខម្ហូបអាហារណាមួយ ប្រទេសជាសមាជិកទាំងនោះ អាចយកស្តង់ដារអាស៊ាន ឬស្តង់ដារកូដិចអន្តរជាតិមកអនុវត្ត។
លោក ផាន អូន បានបញ្ជាក់ថា ស្តង់ដារម្ហូបអាហារកូដិចអន្តរជាតិ ក៏ដូចជាស្តង់ដារម្ហូបអាហារអាស៊ានផងដែរ ជាឧបករណ៍ជំរុញការធ្វើពាណិជ្ជកម្មម្ហូបអាហារ ក្នុងពិភពលោក ប្រកបដោយសមធម៌ និងភាពត្រឹមត្រូវក្នុងតំបន់ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសមាជិក សមាគមន៍អាស៊ានផងដែរ។
សូមបញ្ជាក់ដែរថា របៀបវារៈដែលក្រុមការងារ កូដិចអាស៊ាន បើកកិច្ចប្រជុំពិភាក្សារួមមាន៧ ចំណុចសំខាន់ៗដែលពាក់ព័ន្ធទៅ នឹងរបាយការណ៍វឌ្ឍន៍ភាព របស់កិច្ចប្រជុំកូដិចអាស៊ានលើកទី១៨ លើការពិភាក្សារកគោលជំហររួមរបស់អាស៊ាន ដែលមានក្នុងសេចក្តីព្រាង និងសំណើរថ្មី (New Work) ក្នុងកិច្ចការកូដិច។
កិច្ចប្រជុំក៏ពិភាក្សាផងដែរ នូវបញ្ហាមួយចំនួនទៀត ដែលនឹងលើកឡើង ដោយប្រទេសជាសមាជិក។ ចំណុចសំខាន់ៗដែលនឹងលើកយកមកពិភាក្សានោះ មានជាអាទិ៍៖
*ការពិភាក្សាលើសេចក្តីព្រៀង នៃស្តង់ដារម្ហូបអាហារមួយចំនួន ពាក់ព័ន្ធទៅនឹងកត្តាគុណភាព សមាសភាពផ្សំ សារធាតុចម្លង សារធាតុបន្ថែមក្នុងម្ហូបអាហារ សំណល់ថ្នាំព្យាបាលសត្វ ការដាក់ស្លាកសញ្ញាជាដើម
*ការពិនិត្យលើសំណើរថ្មី (New Work) ដែលស្នើដោយសមាជិក កូដិចអាស៊ាន ក្នុងការរៀបចំធ្វើស្តង់ដារ ម្ហូបអាហារមួយចំនួន
*បន្តពិនិត្យលើនិតិវិធី រៀបចំគោលជំហររួមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងកិច្ចការកូដិចអន្តរជាតិ។
គួរជម្រាបថា កូដិច គឺជាបង្គំនៃក្រុមអ្នកបច្ចេកទេសម្ហូប អាហារអន្តរជាតិ បង្កើតឡើងនៅឆ្នាំ១៩៦៣ មានឈ្មោះថា គណៈកម្មាធិការកូដិច (Codex Alimentarius) ដោយមានការចូលរួមពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលមានសមាជិកសរុប១៨៨ប្រទេស ដែលក្នុងចំណោមនេះ ប្រទេសកម្ពុជា បានចូលជាសមាជិកក្នុងឆ្នាំ១៩៧៤។
ដោយឡែក ក្នុងក្របខ័ណ្ឌអាស៊ាន ក្រុមការងារកូដិច បានបង្កើតក្នុងឆ្នាំ២០០១ ក្នុងគោលដៅ ដើម្បីពិភាក្សាអំពីលទ្ធភាព ក្នុងការធ្វើសុខដុមនីយកម្មស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស សម្រាប់បណ្តាប្រទេសអាស៊ាន ដោយប្រើប្រាស់ស្តង់ដារកូដិច អន្តរជាតិជាគោល៕