(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួន សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាពរហ័សទាន់ចិត្ត។
អភិបាលរាជធានីភ្នំពេញ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ក្រុមអ្នកជំនាញចុះសិក្សាជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវ អាទិភាសម្រាប់រថយន្តក្រុងសាធារណៈបានបើកបរដោយគ្មានការរំខាន និងឧបសគ្គអ្វីមួយកើតឡើង។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំភ្នំពេញ បានអះអាងថា ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះ ឲ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះឲ្យ បានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធិភាព។
គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែ បណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ហើយមានការ រំលោភលើចំណីផ្លូវសាធារណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។ លោកអភិបាលបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពន្លឿនការធ្វើកិច្ចការនេះ ឲ្យបានឆាប់ជាទីបំផុត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់ នៅក្នុងរាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋប្រកដោយភាពងាយ ស្រួលនិងធានាសុវត្ថិភាព។
លោក ឃួង ស្រេង ថ្លែងថា «រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំឲ្យរថយន្តដឹកជញ្ជូនសាធារណៈនេះធ្វើដំណើរទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាឲ្យអ្នកបើកបរគោរព ពេលវេលាទៀងទាត់ ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើបានហើយគួបផ្សំនឹងផែនការ របស់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទំាង១៤ យើងនឹងសម្រេចការកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ដែលជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់ សាធារណៈផងដែរ»។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុងនិងមានសុវត្ថិភាពសំរាប់ អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋនឹងជួយជំរុញឲ្យរាជធានីភ្នំពេញដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈបានចំនួន១៣ខ្សែ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយជាមធ្យមក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវាមួយនេះចន្លោះពី ២ម៉ឺន ៦ពាន់នាក់ ទៅ៣ម៉ឺននាក់៕