(កំពង់ចាម)៖ រថយន្ដមួយគ្រឿង ដែលដឹកជ្រូកចេញពីប្រទេសវៀតណាម ឆ្លងកាត់តាមស្ពានគីហ្សូណា ខេត្តកំពង់ចាម ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាតាមចាប់បាន នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ ឃុំល្វា ស្រុកចំការលើ។

របាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅមុនពេលបង្ក្រាប សមត្ថកិច្ចបាន ទទួលព័ត៌មានថា មានរថយន្តដឹកជ្រូកមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2F-4776 ហើយបានប្រដេញដល់ ស្រុកចំការលើដោយសហការជាមួយ កងរាជអាវុធហត្ថស្រុកចំការលើ ស្នាក់ការកងរាជអាវុធហត្ថ៧១០ និងបានសុំសហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ កងរាជអាវុធហត្ថស្រុកបារាយ ទើបប្រដេញព័ទ្ធស្ទាក់ឃាត់ចាប់បាន។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងនោះដឹកសត្វជ្រូករស់ចំនួន ១៣ក្បាល ចេញពីប្រទេសវៀតណាម តាមស្ពានគីហ្សូណាខេត្តកំពង់ចាម។ រថយន្ត និងជ្រូកទាំងអស់នោះ បានឃាត់ទុកនៅការិយាល័យ ផលិតកម្ម និងបសុព្យាបាល និងយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបានលទ្ធផលពីវិទ្យាស្ថានការិយាល័យ និងអនុវត្តន៍បន្តតាមនីតិវិធី៕