(ភ្នំពេញ)៖ ស្របពេលដែលក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពីការផ្ទុះនៃជំងឺគ្រុនឈាមនោះ, នៅតាមមន្ទីរពេទ្យគេសង្កេតឃើញការកើតឡើងនៃជំងឺនេះក៏កើនឡើងខ្ពស់ ជាក់ស្តែងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មន្ទីពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដែលព្យាបាលកុមារឥតគិតថ្លៃ បានទទួលកុមារមានជំងឺគ្រុនឈាមជិត៦០០នាក់។
មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហោះតាម Facebook ផ្លូវការរបស់ខ្លួននូវព័ត៌មានពាក់ព័ន្ធនឹងការផ្ទុះឡើងគួរឲ្យបារម្ភនៃជំងឺគ្រុនឈាមថា «តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងប្រចាំថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា៖ កុមារមានជំងឺចំនួន ៤៣០៥នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន២៩៩០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងចំណោមកុមារទាំងនោះ មាន៥៧៧នាក់ ត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង៨៩នាក់ត្រូវបានវះកាត់»។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវឲ្យអាណាព្យាបាលកុមារទាំងអស់មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការការពារកុមារកុំឲ្យមូសខ្លាខាំ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាផងដែរ៕