(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៨៩៥.១៤៥ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា។
ជំនួយឥតសំណងនេះ ត្រូវបានបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីជំនួយឥតសំណង របស់សាធារណរដ្ឋឥណ្ឌា សម្រាប់ការអនុវត្តគម្រោង ឆាប់ទទួលបានផលនៅកម្ពុជា ដោយបានធ្វើឡើងនៅចំពោះមុខ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស តំណាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នម្ចាស់គម្រោង។
លោក លុយ ដាវីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលបានអនុម័ត និងគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់គម្រោងរបស់កម្ពុជា ចំនួន១៨ សម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា ដែលមានថវិកាសរុបចំនួន ៨៩៥.១៤៥ដុល្លារអាមេរិកនេះ។
លោករដ្ឋលេខាធិការ បានរម្លឹកថា សាធារណរដ្ឋឥណ្ឌា គឺជាប្រទេសដំបូងគេបង្អស់ ដែលបានយល់ព្រមចូលរួម ជាមួយបណ្តាប្រទេសមេគង្គ ក្នុងការបង្កើតក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គដំបូងគេ ដែលបច្ចុប្បន្ន ហៅថា «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា»។ ចាប់តាំងពីការចាប់ផ្តើម គម្រោងឆាប់ទទួលបានផល ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៅឆ្នាំ២០១៥មក កម្ពុជាទទួលបានគម្រោងសរុបចំនួន៣៤ ដែលមានវិសាលភាពគ្របដណ្តប់ លើសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សុខាភិបាល កសិកម្ម អប់រំ បរិស្ថាន ការអភិវឌ្ឍជំនាញ ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ការអភិវឌ្ឍជនបទ ធនធានទឹក និងបច្ចេកទេសព័ត៌មានវិទ្យា។ គម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ពិធីចុះហត្ថលេខាថ្ងៃនេះ គឺជាតឹកតាងយ៉ាងច្បាស់លាស់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បាននឹងកំពុងបោះជំហានទៅមុខយ៉ាងរលូន ជាមួយនឹងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំតាមរយៈគម្រោងទាំងនេះ។ តម្លៃពិតនៃគម្រោងខ្នាតតូចៗទាំងនេះ គឺមានសារៈសំខាន់ចំពោះកម្ពុជា ក្នុងការបង្កើតនូវលទ្ធផលរូបី ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន។
លោក លុយ ដាវីត បានថ្លែងបន្តថា សមិទ្ធផលជាក់ស្តែងមួយទៀត ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះគឺ «សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៉ី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០១៤ នៅខេត្តសៀមរាប។ សារមន្ទីរនេះ ជាការបង្ហាញយ៉ាងច្បាស់លាស់ អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-គង្គាទាំង៦ ក្នុងការថែរក្សាអារ្យធម៌ និងកេរ្តិ៍ដំណែលវប្បធម៌។ លើសពីនេះទៀត លោកបានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋឥណ្ឌា ដែលបានផ្តល់អាហារូបករណ៍ លើមុខវិជ្ជាសិក្សាផែ្នកសារមន្ទីរ និងបច្ចេកទេសអភិរក្ស។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានានូវនិរន្តរភាពនៃដំណើរការរបស់សារមន្ទីរ តាមរយៈការជំរុញឱ្យមានការចូលរួម ពីវិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាសារមន្ទីរ។
មន្ត្រីជាន់ខ្ពស់រូបនេះ បន្ថែមថា កម្ពុជាប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គ។ លោកបានថ្លែងអំណរគុណ ដល់ស្ថាប័ន/ភ្នាក់ងារអនុវត្តគម្រោងនានា សម្រាប់ការសហការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកសង្ឃឹមថា នឹងទទួលបានដំណឹងល្អថែមទៀត នៅពេលដែលគម្រោងទាំងនេះ ត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕